នាយកស្តីទីថ្មីរបស់សេវាសម្ងាត់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (៣០ កក្កដា) ថាលោក «អាម៉ាស់» ចំពោះបរាជ័យផ្នែកសន្តិសុខដែលនាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋនៅថ្ងៃទី១៣ ខែកក្កដា គឺលោក Donald Trump ប៉ុន្តែបានស្តីបន្ទោសការធ្វេសប្រហែសនោះទៅលើសមត្ថកិច្ចក្នុងតំបន់។

នៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាចំនួនពីរ នាយកស្តីទីសេវាសម្ងាត់លោក រ៉ូណាល់ រ៉ូវេ (Ronald Rowe) បាននិយាយថា លោកបានទៅពិនិត្យទីតាំងជួបជុំនោះក្នុងទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ហើយបានឡើងទៅលើដំបូលអគារ ដែលខ្មាន់កាំភ្លើង ថូម៉ាស ឃ្រុកស៍ (Thomas Crooks) វ័យ ២០ឆ្នាំបានបាញ់ចំត្រចៀកខាងស្តាំរបស់លោក Trump ហើយសម្លាប់អ្នកចូលរួមម្នាក់ និងរបួសពីរនាក់ទៀតដោយប្រើកាំភ្លើងវែងប្រភេទ AR-15។

លោក Rowe បានបន្តប្រាប់សមាជិកសភាថា សេវាសម្ងាត់បានប្រព្រឹត្តកំហុសដោយសន្មត់ថាមន្ត្រីក្នុងតំបន់នឹងធានាសុវត្ថិភាពលើអគារ និងដំបូលនោះ មិនមែនជាភារកិច្ចរបស់សេវាសម្ងាត់នោះទេ។ ប៉ុន្តែព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក ចន ខនីន (John Cornyn) បានរិះគន់នូវគំនិតដែលរុញច្រានការទទួលខុសត្រូវឱ្យអ្នកដទៃបែបនេះ។

លោក Rowe បាននិយាយថា លោកបានចាត់វិធានការរួចហើយ ដើម្បីការពារភាពធ្វេសប្រហែសស្រដៀងគ្នានេះមិនឱ្យកើតមានឡើងទៀត ស្របពេលមានការព្រួយបារម្ភក្នុងចំណោមបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ពីអំពើហិង្សាផ្នែកនយោបាយបន្ថែមទៀត នៅពេលដែលយុទ្ធនាការកាន់តែខ្លាំងក្លាមុនការបោះឆ្នោតអាមេរិក ថ្ងៃទី០៥ ខែវិច្ឆិកា៕