ក្រុមបាតុករដែលមានកំហឹងបានចេញតវ៉ាតាមដងផ្លូវពាសពេញវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារ (៣០ កក្កដា) ដោយគ្រវីទង់ដើម្បីទាមទារឱ្យលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ទទួលស្គាល់ថាលោកបានចាញ់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទល់នឹងបក្សប្រឆាំង ដែលទទូចថាខ្លួនបានទទួលជ័យជម្នះលើសលប់។

ការតវ៉ា ដែលរដ្ឋាភិបាលរិះគន់ថាជាការប៉ុនប៉ង «ធ្វើរដ្ឋប្រហារ» បានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបោះឆ្នោតរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានប្រកាសថាលោក Maduro បានឈ្នះអាណត្តិទី៣ ជាមួយនឹងសំឡេងឆ្នោត ៥១ភាគរយ ដើម្បីបន្តការគ្រប់គ្រងប្រទេស។

គណបក្សប្រឆាំង ដែលចាត់ទុកស្ថាប័នបោះឆ្នោតថាជាដៃជើងរដ្ឋាភិបាលផ្តាច់ការ និយាយថា បេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) មានសំឡេងច្រើនជាងពីរដងលើសលោក Maduro ដោយផ្អែកលើ ៩០ភាគរយនៃចំនួនសន្លឹកឆ្នោតដែលខ្លួនបានឃើញ។

ក្រុមសិទ្ធិមនុស្ស ហ្វូរ៉ូ ប៉េណាល់ (Foro Penal) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងការរាប់សន្លឹកឆ្នោត ឬការតវ៉ា។ កាលពីថ្ងៃអង្គារ ទាំងលោក Maduro និងសម្ព័ន្ធមិត្តនីតិប្បញ្ញត្តិជាន់ខ្ពស់របស់លោក បានចោទប្រកាន់លោក Gonzalez និងក្រុមប្រឆាំងរបស់លោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) ពីបទបង្កអំពើហិង្សាបន្ទាប់ពីការបោះឆ្នោត៕