បណ្ណសារនៅមន្ទីរស-២១ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូនៅឆ្នាំ២០០៩។ បើគិតមកទល់នឹងពេលនេះ មានរយៈពេល ១៥ ឆ្នាំហើយ ដែលបណ្ណសារនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានចុះក្នុងបញ្ជីរបស់យូណេស្កូ។ បណ្ណសារនេះកំពុងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយ BTV លោក សុង ភក្ត្រា ប្រធានផ្នែកបណ្ណសារដ្ឋាន នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានឱ្យដឹងថា ការដាក់បញ្ចូលបណ្ណសារនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទៅក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ ក្រៅពីដើម្បីឱ្យសហគមន៍អន្តរជាតិរួមចំណែកអភិរក្សនោះ, ការដាក់បញ្ចូលនេះក៏ដើម្បីចង់បង្ហាញឱ្យពិភពលោកដឹងថា បណ្ណសារនៅសារមន្ទីរទួលស្លែងត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ថែរក្សាជាខ្លាំង និងចង់បង្ហាញឱ្យពិភពលោកបានដឹងថា ព្រឹត្តិការណ៍នៅស-២១ គឺពិតជាកើតមាននៅកម្ពុជាប្រាកដមែន។
លោកបន្ថែមថា ក្រោយពីបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូរួចមក សហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបណ្ណសារទាំងនោះ ដោយបានផ្ដល់បន្ថែមលើការងារបច្ចេកទេសផ្សេងៗ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

បណ្ណសារ គឺជាសំណល់នៅមន្ទីរស-២១ ដែលគេស្គាល់ជាទូទៅថា គុកទួលស្លែងក្នុងនោះមានដូចជា រូបថត, ចម្លើយសារភាព និងសំណល់ឯកសារនានាជាដើម។ បណ្ណសារនៅទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩៕ ដោយ៖ គង់ ឌិន


