បាតុករប្រឆាំងមូស្លីមមួយក្រុមធំ បានប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងភាគខាងជើងប្រទេសអង់គ្លេស ជាកន្លែងដែលក្មេងស្រី៣នាក់ ត្រូវបានចាក់សម្លាប់និងកុមារ៥នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ អំឡុងពេលមានការវាយប្រហារនៅក្នុងព្រឹត្តិការណ៍រាំកម្សាន្តមួយ កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា។

នគរបាល ពុំបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីជនសង្ស័យ ភេទប្រុស អាយុ១៧ ឆ្នាំនោះទេ កើតនៅចក្រភពអង់គ្លេស ប៉ុន្តែមនុស្សរាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង កាលពីថ្ងៃអង្គារ។
ជនសង្ស័យកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់នគរបាល លើការសង្ស័យពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។
រថយន្តរបស់នគរបាល បានរងការខូចខាត ខណៈត្រូវបានដុតបំផ្លាញ ហើយរបស់របរ ត្រូវបានក្រវែងចោលនៅជិតវិហារអ៊ិស្លាមមួយកន្លែង។ វីដេអូមួយ ត្រូវបានគេបង្ហោះនៅលើបណ្តាញអ៊ីនធឺណិតបង្ហាញឲ្យឃើញហ្វូងមនុស្សស្រែកថា «យើងចង់បានប្រទេសរបស់យើងត្រឡប់វិញ»។

ជំនួយការប្រធានសន្តិសុខលោក Alex Goss បាននិយាយថា ស្ថានភាពបែបនេះ ពុំអាចទទួលយកបានទេ «កាលពីម្សិលមិញ មន្ត្រីរបស់យើង និងសមាជិកផ្សេងទៀតនៃអង្គភាពសេវាសង្គ្រោះបន្ទាន់ បានប្រឈមមុខទៅនឹងស្ថានភាពលំបាកបំផុត ដែលពួកគេពុំដែលជួបប្រទះ»។