ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា ទីក្រុងប៉េកាំង បានសម្តែងការមិនពេញចិត្តរបស់ខ្លួនចំពោះទីក្រុងតូក្យូ ជុំវិញការអត្ថាធិប្បាយបែបអវិជ្ជមានអំពីប្រទេសចិន ដែលបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។

លោក លីវ ជីនសុង (Liu Jinsong) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីរបស់ចិននៅក្រសួងការបរទេសចិន បានដាក់កាតវ៉ាទៅប្រទេសជប៉ុន ជុំវិញការអត្ថាធិប្បាយរបស់អាមេរិក និងជប៉ុន ជុំវិញអ្វីដែលពួកគេហៅថាអាកប្បកិរិយា «បង្កហេតុ» របស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងខាងកើត សមយុទ្ធយោធារួមរបស់ខ្លួនជាមួយរុស្ស៊ី និងការពង្រីកយ៉ាងឆាប់រហ័សនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។

លោក Liu បានជួបជាមួយលោក យ៉ូកូឈិ អាគីរ៉ា (Yokochi Akira) ប្រមុខរដ្ឋមន្រ្តីនៅស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន កាលពីថ្ងៃអង្គារ ដើម្បីលើកឡើងពី «ពាក្យអវិជ្ជមាន» ដែលធ្វើឡើងលើប្រទេសចិនក្នុងអំឡុងពេលពិភាក្សាជាច្រើននៅក្នុងកិច្ចប្រជុំការទូតនាពេលថ្មីៗនេះ ដោយកត់សម្គាល់ «ការភូតកុហកជាច្រើន និន្នាការគ្រោះថ្នាក់ និងការនិទានរឿងមិនពិត» នៅក្នុងឯកសារប្រជុំនោះ។

គួររម្លឹកថា នៅក្នុងការពិភាក្សាផ្នែកសន្តិសុខរវាងអាមេរិក និងជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសទាំងពីរបានចាត់ទុកចិនថាជា «បញ្ហាប្រឈមជាយុទ្ធសាស្ត្រធំបំផុតនៅក្នុងតំបន់»៕