កោះតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន កាលពីថ្ងៃអង្គារ (៣០ កក្កដា) ជុំវិញការស្លាប់របស់អ្នកនេសាទចិន ២នាក់នៅក្នុងឧប្បត្តិហេតុដែនសមុទ្រ បន្ទាប់ពីការចរចាជាច្រើនខែ ដោយនេះជាវិធានការមួយដែលអាចកាត់បន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។

ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ដំណោះស្រាយមួយត្រូវបានឈានដល់សម្រាប់ក្រុមគ្រួសាររបស់អ្នកនេសាទ ដែលបានស្លាប់នៅពេលព្យាយាមរត់គេចខ្លួន បន្ទាប់ពីទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។

អគ្គនាយករងរដ្ឋបាលឆ្មាំល្បាតឆ្នេរតៃវ៉ាន់ លោក សៀ ឈីងឈិន (Hsieh Ching-chin) បានប្រាប់អ្នកយកព័ត៌មាននៅកោះឃិនមិន (Kinmen) ថា «កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចក្នុងអំឡុងពេលការចរចា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលធ្វើឡើងដោយភាគីទាំងពីរនៃច្រកសមុទ្រ»។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ Kinmen នេះដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅជិតឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែកុម្ភៈមក បន្ទាប់ពីអ្នកនេសាទចិនពីរនាក់បានស្លាប់។ កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបណ្ដេញទូកឆ្មាំល្បាតឆ្នេរចិនដែលចូលដែនទឹកហាមឃាត់ម្តងហើយម្តងទៀត៕
