ជនបរទេស នៅលីបង់មួយចំនួន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេសុខចិត្តស្នាក់នៅក្នុងប្រទេសលីបង់ ជាជាងចាកចេញ ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក៏ដោយ។

ការភ័យខ្លាចនៃសង្រ្គាមកាន់តែរីកធំ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល កាន់តែអាក្រក់ទៅៗ ចាប់តាំងពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា នៅពេលដែលគ្រាប់រ៉ុក្កែតមួយគ្រាប់ បានសម្លាប់កុមារ និងក្មេងជំទង់ចំនួន១២នាក់ នៅទីលានបាល់ទាត់នៅក្នុង ភូមិ Druze ។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែក្រុមហេសបូឡា បានបដិសេធ ការជាប់ពាក់ព័ន្ធ។

មនុស្សប្រាំនាក់ដែលដឹងច្បាស់អំពីបញ្ហា បានប្រាប់សារព័ត៌មានរ៉យទ័រ ថា សហរដ្ឋអាមេរិក បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីរារាំងអ៊ីស្រាអែលពីការវាយប្រហារទៅលើរដ្ឋធានី បេរូត(Beirut) របស់ប្រទេសលីបង់ ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ។
ក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានវាយប្រយុទ្ធគ្នានៅក្នុងសង្រ្គាមដ៏ធំ ក្នុងឆ្នាំ២០០៦ បានបាញ់តគ្នាទៅវិញទៅមក ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា បន្ទាប់ពីក្រុមហេសបូឡា បានចាប់ផ្តើមបាញ់ទៅលើគោលដៅរបស់អ៊ីស្រាអែល ជាអ្វីដែលខ្លួននិយាយថា ជាសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។