មន្ត្រីទីក្រុង និងពលរដ្ឋបាននិយាយថា យោធាអ៊ីស្រាអែលបានបំផ្ទុះអណ្តូងទឹកជាង៣០អណ្តូង នៅតំបន់ហ្កាហ្សាក្នុងខែនេះ ដោយបានបន្ថែមទៅលើទុក្ខលំបាកពីការវាយប្រហារតាមអាកាស ដែលបានប្រែក្លាយតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនភាគច្រើន ទៅជាដែនដីញាំញីដោយវិបត្តិមនុស្សធម៌។

លោក Salama Shurab ប្រធានបណ្តាញទឹកនៅទីក្រុង Khan Younis បាននិយាយថា អណ្តូងទឹក ត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែល នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែកក្កដា នៅក្នុងទីក្រុង Rafah និងទីក្រុង Khan Younis ភាគខាងត្បូង។

យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបទៅនឹងការចោទប្រកាន់ថា ទាហានរបស់ខ្លួនបានបំផ្លាញអណ្តូងទឹកនោះទេ។ រូបភាពដែលទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីការផ្ទុះនៅអណ្តូងមួយកន្លែងក្នុងភូមិ Tel al-Sultan ទីក្រុង Rafah តំបន់ហ្កាហ្សា។
វាមិនត្រឹមតែជាគ្រោះថ្នាក់ដែលមិនធ្លាប់មានពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ឬការប្រយុទ្ធគ្នានៅលើដែនដី ដែលធ្វើឱ្យជីវិតមានការកាត់ទោសសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ប៉ុណ្ណោះទេ វាក៏ជាការពុះពារយ៉ាងខ្លាំងប្រចាំថ្ងៃផងដែរ ដើម្បីស្វែងរកតម្រូវការចាំបាច់ដូចជាទឹកទទួលទាន ឬការចម្អិនអាហារ ការលាងសម្អាតជាដើម។

ក្មេងៗតូចៗត្រូវដើរផ្លូវឆ្ងាយដើម្បីតម្រង់ជួរនៅចំណុចប្រមូលទឹកបណ្តោះអាសន្ន ដែលជារឿយៗ ពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីយួរធុងទឹកដែលពេញនោះទេ ពួកគេត្រូវអូសធុងទឹកទៅផ្ទះ ដោយដាក់នៅលើក្តាររទេះឈើ។
អង្គការ Oxfam បាននិយាយនៅក្នុងរបាយការណ៍ថ្មីថា ទីក្រុងហ្កាហ្សា បានបាត់បង់សមត្ថភាពផលិតទឹក ស្ទើរតែទាំងអស់ ដោយ៨៨%នៃអណ្តូងទឹក និង១០០% នៃរោងចក្របន្សុទ្ធទឹកសាប របស់ខ្លួន បានខូចខាត ឬត្រូវបានបំផ្លាញ។
ប្រជាជនប៉ាឡេស្ទីន បានប្រឈមមុខទៅនឹងវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ មុនពេលការបំផ្លាញអណ្តូងទឹក ដែលបានធ្វើឱ្យមានទុក្ខលំបាកកាន់តែខ្លាំងឡើងដោយសង្រ្គាមនៅហ្កាហ្សា ដែលបច្ចុប្បន្ននេះ ឈានដល់ក្នុងខែទីដប់។