ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងភាពតានតឹង និងអំពើហិង្សា នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។

លោក Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកមានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប្រើប្រាស់កម្លាំងមិនសមាមាត្រ ធ្វើឡើងដោយមន្ត្រីអនុវត្តច្បាប់ រួមជាមួយអំពើហិង្សាដោយបុគ្គលិកប្រដាប់អាវុធ ដែលគាំទ្ររដ្ឋាភិបាល។

លោកបានសម្តែងការព្រួយបារម្ភចំពោះភាពវឹកវរដ៏បង្ហូរឈាមនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយនិយាយថា ប្រទេសនេះបច្ចុប្បន្នស្ថិតក្នុង «ដំណាក់កាលលំបាកខ្លាំង»។
ប្រទេសវេណេហ្ស៊ុយអេឡា បានត្រៀមទប់ទល់បាតុកម្មថ្មីៗកាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សបួននាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅពេលដែលអាជ្ញាធរបានបំបែកការតវ៉ាប្រឆាំងការអះអាងជ័យជម្នះរបស់ ប្រធានាធិបតី លោក Nicolas Maduro ។
លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកព្រួយបារម្ភអំពីការកើនឡើងភាពតានតឹង និងបានជំរុញឱ្យអាជ្ញាធរគោរពសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា ក្នុងការប្រមូលផ្តុំ និងតវ៉ាដោយសន្តិវិធី បញ្ចេញទស្សនៈរបស់ពួកគេដោយសេរី និងគ្មានការភ័យខ្លាច។
លោក Turk បាននិយាយថា បាតុកម្មបាននិងកំពុងកើតឡើងនៅក្នុងរដ្ឋយ៉ាងហោចណាស់១៧ នៃរដ្ឋចំនួន២៤ របស់ប្រទេសវេណេស៊ុយអេឡា រួមទាំងនៅក្នុងរដ្ឋធានីការ៉ាកាស ដោយមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន រួមទាំងកុមារផងដែរ។