ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតករណីចុកពោះដែលត្រូវបានរាយការណ៍នៅការិយាល័យក្រុមហ៊ុនមេ ByteDance របស់បណ្ដាញសង្គម TikTok នៅអគារ One Raffles Quay ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។

ទីភ្នាក់ងារចំណីអាហារ(SFA) និងក្រសួងសុខាភិបាល (MOH) សិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា គិតត្រឹមល្ងាចថ្ងៃអង្គារ មនុស្ស ៦០ នាក់ត្រូវបានគេរាយការណ៍ថាមានអាការៈឈឺចាប់ក្នុងពោះ ហើយ៥៧ នាក់ក្នុងចំណោមពួកគេបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ។
កងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ជូនរថយន្តសង្គ្រោះចំនួន ១៧ គ្រឿងទៅកាន់កន្លែងកើតហេតុ ដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុនេះ ហើយមនុស្ស ៤៧នាក់ដែលមានរោគសញ្ញានៃការឈឺចាប់ក្នុងពោះ និងក្អួត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
SCDF បានបន្ថែមថា ខ្លួនបានដឹងពីមនុស្ស៤៧នាក់ និយាយថា ពួកគេបានទទួលទានអាហារពីប្រភពតែមួយ។
ក្រុមហ៊ុននិយាយថា ហាងលក់អាហារប៊ូហ្វេ មួយនៅភោជនីយដ្ឋានក្នុងអគារនោះ ត្រូវបានបិទ រហូតការស៊ើបអង្កេតត្រូវបានបញ្ចប់។
ក្រុមហ៊ុនបន្ថែមថា យើងកំពុងតាមដានឧបទ្ទវហេតុនេះយ៉ាងយកចិត្តទុកដាក់និងធ្វើការជាមួយក្រុមអាជ្ញាធរក្នុងតំបន់ និងអ្នកផ្គត់ផ្គង់អាហារដើម្បីកំណត់ពីមូលហេតុ៕