អាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា បានចាប់ផ្តើមរៀបចំទីតាំងជួបជុំពលរដ្ឋ ដើម្បីត្រៀមប្រគំតន្ត្រីខ្នាតធំ និងប្រកួតកីឡាប្រដាល់គុនខ្មែរសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។
នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមរៀបចំទីតាំងនេះ អាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ផ្អាកការលក់ដូរចំណីអាហាររបស់ពលរដ្ឋនៅលើតំបន់ច្រមុះជ្រូកសួនច្បារតាខ្មៅ ដើម្បីយកទីតាំង សម្អាតបរិស្ថាន ដំឡើងឆាកប្រគំតន្ត្រី រៀបចំលើកផ្ទាំងបដាគាំទ្រ និងអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានការរៀបចំដំឡើងភ្លើងពិព័រណ៍លម្អ តាមដងផ្លូវសំខាន់ៗ ជាពិសេស គ្រប់បណ្តាផ្លូវឆ្ពោះទៅកាន់ទីតាំងបើកការដ្ឋានបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។
ពាក់ព័ន្ធនឹងបញ្ហានេះបណ្តាអាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស តាមមូលដ្ឋានបានបង្ហាញស្មារតីជាតិនិយមចូលរួមគាំទ្រ និងបានបញ្ជាក់ថាពលរដ្ឋពិតជាមានសំណាងដែលបានឃើញផ្ទាល់ក្នុងការអនុវត្តសាងាសង់ព្រែកជីកហ្វូណនតេជោនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ នៅសល់រយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងឈានចូលមកដល់ ខណៈរយៈពេលនេះបណ្តាពលរដ្ឋដែលមានស្មារតីជាតិនិយម បានបង្ហាញស្មារតីគាំទ្រ និងមានមោទនភាពចំពោះជាតិខ្មែរ៕ អត្ថបទ ស៊ុម សុខជា







