នៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ សួរសុខទុក្ខយោធិននារី និងគ្រួសារកងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំ ទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ នាយទាហានពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ ក្នុងកិច្ចការពារសន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិនាពេលកន្លងមកជាពិសេសគឺបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនតែម្តង។
លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា សូមថ្លែងអំណរគុណព្រមទាំងបានកោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនហើយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងស្ថានភាពគ្រោះមហន្តរាយ នានា។
លោកជំទាវ បានលើកឡើងផងដែរថា ដើម្បីជាការតបស្នងសងគុណចំពោះនាយទាហានពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២នាពេលកន្លងមក និងបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែបានគិតគូដល់កងទ័ព គ្រួសារកងទ័ព តាមរយៈការចាត់តំណាងចុះសួរសុខទុក្ខ ចែកជូននូវគ្រឿងឧបភោគ អាវរងារ និងអាវភ្លៀងជូនកងទ័ពតាមបណ្តាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទជាប្រចាំ។
នៅក្នុងពិធីសំណេះសំណាលដល់នាយទាហានពលទាហាននាឱកាសនោះដែរ លោកជំទាវដាំ ដារីនី ក៏បានអំពាវនាវដល់នាយទាហាន, នាយទាហានរង, ពលទាហានក្នុងនោះនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២សូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែនខណៈគម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខឆាប់ៗនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់ គ្រួសារ កងទ័ពដែលមានជីវភាពចខ្វះខាតចំនួន២០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ឃីដមួយកញ្ចប់ អង្ករ និងថវិការ មួយចំនួនផងដែរ។ បន្ទាប់ពីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហានពលទាហាននៃកងពលតូចថ្មើរជើងលេខ៤២ លោកំទាវរដ្ឋលេខាធិការក៏បាន អញ្ជើញ ចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយយោធិនដែលកំពុងឈរជើងនូវតាមបន្ទាត់ព្រំដែនប្រាសាទតាមាន់ និង ប្រាសាទតាក្របីផងដែរ៕ អត្ថបទ៖ បាន ចក់



