រដ្ឋបាលយោធានៃរដ្ឋធានីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធ (៣១ កក្កដា) នេះនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបំផ្លាញយានដ្រូនជាង ៣០គ្រឿងនៅលើទីក្រុងគីវ ដែលរុស្ស៊ី បានបាញ់ប្រហារក្នុងពេលពេញមួយយប់។

រដ្ឋបាលយោធានេះបាននិយាយនៅថ្ងៃដដែលនេះថា រុស្ស៊ី ក៏បានបើកការវាយប្រហារដោយយានដ្រូនទៅលើតំបន់ជុំវិញរដ្ឋធានីនោះផងដែរ។ សាក្សីរបស់សារព័ត៌មានរ៉យទ័រ រាយការណ៍ថាបានឮការផ្ទុះនៅក្នុងអ្វីដែលស្តាប់ទៅដូចជាប្រព័ន្ធការពារអាកាសដែលចូលរួមក្នុងការវាយលុកតាមអាកាស។

ទីក្រុងគីវ និងផ្នែកភាគច្រើននៃអ៊ុយក្រែន ស្ថិតនៅក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសដែលត្រូវបានចេញនៅម៉ោងប្រហែល ៨:០០យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ។ ក្រសួងការបរទេសនៅទីក្រុងគីវ បាននិយាយថា ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានអញ្ជើញរដ្ឋមន្ត្រីការបរទេសចិន ឱ្យមកធ្វើទស្សនកិច្ច ស្របពេលមានកិច្ចសន្ទនាដែលអាចនាំទៅដល់កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរ។

ប្រទេសចិន បានចាត់ទុកខ្លួនឯងថាជាអព្យាក្រឹតចំពោះប្រតិបត្តិការយោធារបស់វិមានក្រឹមឡាំងរយៈពេល ២៩ខែទៅលើអ៊ុយក្រែន ប៉ុន្តែក៏បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយបានអវត្តមានកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំដោយអ៊ុយក្រែន នៅក្នុងខែមិថុនា៕