រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា លោកមិនគិតថាសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ាគឺជៀសមិនរួចនោះទេ ហើយសហរដ្ឋអាមេរិក កំពុងស្វះស្វែងបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់។

លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហ្វីលីពីនថា៖ «ខ្ញុំមិនគិតថាសង្គ្រាមមិនអាចជៀសរួចនោះទេ។ ខ្ញុំនៅតែគិតថាមានឱកាសសម្រាប់កិច្ចចរចាការទូត»។

ការលើកឡើងរបស់លោកកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានអះអាងកាលពីថ្ងៃអង្គារ ថាបានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ដែលខ្លួននិយាយថានៅពីក្រោយការវាយប្រហារដ៏បង្ហូរឈាមនៅក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលកាន់កាប់ដោយអ៊ីស្រាអែល។

នៅពេលត្រូវសាកសួរផងដែរថា តើលោកអាចបញ្ជាក់ព័ត៌មានពីការវាយប្រហារមួយផ្សេងទៀតដែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) នៅអ៊ីរ៉ង់ នៅថ្ងៃពុធ ឬអត់នោះ លោក Austin បាននិយាយថា «ខ្ញុំមិនមានព័ត៌មានបន្ថែមដើម្បីផ្តល់ឱ្យទេ»។
នៅពេលត្រូវសាកសួរថា តើអាមេរិកនឹងផ្តល់ជំនួយអ្វីខ្លះ ប្រសិនបើជម្លោះកាន់តែទូលំទូលាយផ្ទុះឡើងនៅមជ្ឈិមបូព៌ា លោក Austin ឆ្លើយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តជួយការពារអ៊ីស្រាអែលប្រសិនបើរដ្ឋនេះត្រូវបានវាយប្រហារ ប៉ុន្តែអាទិភាពគឺការបន្ថយភាពតានតឹង៕