IDI បង្កើតកម្មវិធីផ្តល់ឱកាសដល់ធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីចែករំលែកនូវឱកាសវិនិយោគ ការផ្តល់ ចំណេះដឹង ការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសការវិនិយោគនៅលើវិស័យកសិកម្មនៅកម្ពុជា។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC លើកឡើងនៅក្នុងកម្មវិធី IDI Investment Roadshow នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា IDI Investment Roadshow គឺជាកម្មវិធីមួយ ដែលរៀបចំ ឡើងដើម្បីបង្ហាញពីឱកាសវិនិយោគនៅកម្ពុជា និងការប្រមូលផ្តុំការវិនិយោគរួមគ្នា សម្រាប់វិនិយោគលើវិស័យផ្សេងៗគ្នា ជាក់ស្តែងនា ពេលនេះ យើងបានកំពុងផ្តោតលើវិស័យកសិកម្ម ដើម្បីបង្កើតជាមូលនិធិវិនិយោគក្នុងវិស័យកសិកម្ម និងការបង្ហាញឱកាសវិនិយោគ លើកាហ្វេ ម្ទេស ដែលដំណាំទាំងនេះ គឺជាដំណាំសក្តានុពលមួយនៅក្នុងវិស័យកសិកម្ម រួមជាមួយការចែករំលែកនូវបទពិសោធន៍ ផ្សេងៗទៀត រវាងអ្នកជំនាញបរទេស និងអ្នកជំនាញក្នុងស្រុក។
ជុំវិញវិស័យកសិកម្មនេះ, លោកបណ្ឌិត ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋាន សហគ្រាស និងកសិករដែលស្ថិតនៅក្នុង វិស័យកសិកម្មនេះ សូមមានទំនុកចិត្តក្នុងការដំាដុះលើវិស័យកសិកម្ម, ព្រោះបច្ចុប្បន្នកម្ពុជាមានទីផ្សារកាន់តែធំ ហើយការចូលរួម ពីតួអង្គផ្សេងៗក៏មានភាពកាន់តែប្រសើរជាងមុន ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រនិងយក ចិត្តទុកដាក់ខ្ពស់លើវិស័យនេះផងដែរ។ ដូច្នេះអ្នកដែលកំពុងធ្វើនៅក្នុងវិស័យកសិកម្ម ទាំងអ្នកដាំដុះ និងកែច្នៃ ត្រូវអនុវត្តន៍ឲ្យបានល្អ ស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញការនាំចេញឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស មាន បរិមាណសរុបជាង ៦,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ២ ៨០០ លានដុល្លារអាមេរិក ដោយគាំទ្រកំណើន នៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេចជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



