
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ បានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ។
ទោះបីថា នាពេលនេះ នៅមិនទាន់មានប្រតិកម្មពីបណ្ដាមេដឹកនាំកំពូលៗ ឬឥស្សរជនជាន់ខ្ពស់របស់ពិភពលោកក៏ដោយ ក៏ការលើកឡើង ពាក់ព័ន្ធនឹងការធ្វើឃាត បានចាប់ផ្ដើមលេចឡើងជាបណ្ដើរៗហើយ ជាពិសេសពីអ្នកដែលមានសម្ព័ន្ធភាពជាមួយនឹងមេដឹកនាំរូបនេះ។
លោក Mohammed Ali al-Houthi ដែលជាប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន បាននិយាយថា៖ «ការកំណត់គោលដៅលើលោក Ismail Haniyeh គឺជាអំពើឧក្រិដ្ឋកម្មរបស់ភេរវជនដ៏គួរឲ្យស្អប់ខ្ពើមបំផុត ហើយជាការបំពានច្បាប់ និងតម្លៃឧត្តមគតិ»។

ចំណែកមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ គឺលោក Sami Abu Zuhri បាននិយាយថា៖ «ការធ្វើឃាតនេះដោយសកម្មភាពរបស់អ៊ីស្រាអែល ចំពោះបងប្រុស Haniyeh គឺជាការធ្វើឲ្យស្ថានភាពរឹតតែធ្ងន់ធ្ងរឡើង ដែលមានគោលបំណងបំបែកឆន្ទៈរបស់ក្រុមហាម៉ាស និងឆន្ទៈរបស់ប្រជាជនរបស់យើង ហើយដើម្បីសម្រេចបាននូវគោលដៅក្លែងក្លាយ។ យើងសូមបញ្ជាក់ថា ការធ្វើឲ្យភាពតានតឹងកើនឡើងនេះ នឹងមិនអាចសម្រេចគោលបំណងរបស់ខ្លួនបាននោះឡើយ»។
លោកបានបន្ថែមថា៖ «ក្រុមហាម៉ាស គឺជាគំនិតប្រមូលផ្ដុំមួយ និងជាស្ថាប័នមួយ មិនមែនត្រឹមតែជាមនុស្សម្នាក់នោះទេ។ ក្រុមហាម៉ាសនឹងបន្តនៅលើផ្លូវនេះ ដោយមិនគិតពីការលះបង់នោះឡើយ ហើយយើងមានទំនុកចិត្តពីការមានជ័យជម្នះ»៕