
អង្គការការពារជនស៊ីវិលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៤២នាក់ ត្រូវបានយកចេញពីគំនរបាក់បែក នៅភាគខាងកើតនៃទីក្រុងខាន់ យូនីស ( Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីអ៊ីស្រាអែល ដកកងទ័ពចេញ។
អង្គការការពារជនស៊ីវិល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារស៊ីវិល បានយកសាកសពពីតំបន់ Bani Suhaila ហើយបានទទួលរបាយការណ៍ចំនួន ២០០ អំពីប្រជាជនប៉ាឡេស្ទីនដែលបាត់ខ្លួន នៅភាគខាងកើតនៃទីក្រុងខាន់ យូនីស ចាប់តាំងពីប្រតិបត្តិការ បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកក្កដា។ អង្គការនេះ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង កំពុងបន្ត ដើម្បីទាញយកសាកសពដែលនៅសល់។

អង្គការការពារជនស៊ីវិលប៉ាឡេស្ទីននេះ ក៏បានបន្ថែមថា កងទ័ពអ៊ីស្រាអែល បានរារាំងសមាជិកក្រុមរបស់ខ្លួនពីការជួយសង្គ្រោះអ្នករបួស ដែលបានបណ្តាលឲ្យពួកគេស្លាប់ និងភាពស្អុយរលួយជាបន្តបន្ទាប់នៃសាកសពរបស់ពួកគេ ត្រូវបានអង្គការនេះ ចាត់ទុកថា ជាការរំលោភលើសិទ្ធិជាមូលដ្ឋាន។
ប្រភព និងសាក្សីក្នុងតំបន់ បានជូនដំណឹងដល់សារព័ត៌មានស៊ីនហួថា កងទ័ពអ៊ីស្រាអែល បានបំផ្លិចបំផ្លាញផ្ទះ អគារលំនៅដ្ឋាន វិហារឥស្លាម និងទីបញ្ចុះសព អស់ជាច្រើន។