ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាលើកទី៩ ចំនួន ២០លានរៀល និងសម្ភារមួយចំនួនលើកទី១១ ជូនលោកស្រី ម៉ារី អិន្ស ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ម៉ារី អិន្ស បានទទួលជោគជ័យ និងបានកំពុងជាសះស្បើយពីជំងឺ និងសូមឲ្យលោកស្រីមានសុខភាពល្អ មានកម្លាំងមាំមួន ដើម្បីបន្តដឹកនាំនិងជាម្លប់ដ៏កក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង និង សូម បុគ្គលិក សមាជិក ដែលរស់នៅក្នុងអង្គការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ។
ជាមួយគ្នានេះដែរ លោកស្រី ម៉ារី អិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខភាពលោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិកក្នុងអង្គការគ្រប់ពេលវេលា ហើយថវិកា និងសម្ភារទាំងនេះ លោកស្រីនិងយកទៅផ្គត់ផ្គង់ជាអាហារ និងការស្លៀកពាក់គ្រប់គ្រាន់ ដល់ក្មេងៗក្នុងអង្គការនិងសូមជូនពរ សម្តេច នូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថាសម្ភារដែលផ្តល់ជូននាពេលនេះរួមមាន ៖ អង្ករ ២តោន មី ៣០កេស ត្រីខ ៥កេស ទឹកក្រូច ១០កេស ទឹកបរិសិទ្ធ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០យួរ ប្រេងឆា ៣កេស អំបិល ៥០គីឡូក្រាម ម៉ាស់ ២កេស អាល់កុល ៣០លីត្រ និងថវិកា ២០លានរៀល៕ អត្ថបទ ៖ សំ ងីម










