ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ Alexander Mountain Fire នៅតំបន់កូឡូរ៉ាដូខាងជើង រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក បានរីករាលដាលយ៉ាងឆាប់រហ័សកាលពីថ្ងៃអង្គារ បង្ខំក្រុមមន្រ្តីអំពាវនាវឲ្យមានការជម្លៀសខ្លួនបណ្តោះអាសន្ននៅទូទាំងតំបន់មួយនេះ ។
កាសែត Denver Post រាយការណ៍ថា ភ្លើងឆេះព្រៃនៅស្រុក Larimer បានឆាបឆេះដីព្រៃជាង ២.០២៣ហិចតា គិតត្រឹមយប់ថ្ងៃអង្គារ ហើយពុំត្រូវបានទប់ស្កាត់ជាប់នោះទេ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រាប់រយនាក់ និងក្រុមមន្រ្តីផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដែលស្ថិតនៅចម្ងាយប្រហែល ១៦០គ.ម ភាគខាងជើងទីក្រុង Denver ។
ខណៈពេលនោះដែរ មន្ត្រីពន្លត់អគ្គិភ័យនៅរដ្ឋ California បាននិយាយថា ភ្លើងឆេះព្រៃដ៏ធំបំផុត នៅសហរដ្ឋអាមេរិក បានរាលដាលដល់ផ្ទៃដីជាង ១.៥៥៣ គ.មក្រឡា កាលពីថ្ងៃអង្គារ ពោលគឺមានទំហំធំជាងទីក្រុង Los Angeles ស្របពេលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់ពាន់នាក់ បានប្រឹងប្រែងព្យយាមពន្លត់អណ្ដាតផ្លើង នៅតំបន់វាលរហោស្ថានភាគខាងជើងនៃទីក្រុង Sacramento ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៥.៥០០នាក់ មកពីទូទាំងរដ្ឋ California និងរដ្ឋផ្សេងទៀត កំពុងធ្វើការឥតឈប់ឈរ ដើម្បីពន្លត់អគ្គិភ័យ Park Fire ដែលឆាបឆេះនៅក្នុងជ្រលងភ្នំកណ្តាលរបស់រដ្ឋ ស្ថិតនៅចម្ងាយប្រហែល ១៤៥ គ.ម ភាគខាងជើងនៃទីក្រុង Sacramento ។
ក្រុមមន្ត្រីបានអះអាងថា អណ្ដាតភ្លើងបានឆេះរាលដាលដល់ផ្ទៃដី ១៥៥.៨៣០ហិចតា ដែលបានធ្វើឲ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតទី៥ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Californian ៕
