
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា នឹងមានព័ត៌មានឆាប់ៗថា ប្រទេសឥណ្ឌា កាន់តែមានទំនាក់ទំនងល្អជាមួយអ៊ុយក្រែន ដោយឆ្លើយតបទៅនឹងសំណួរមួយ នៅក្នុងសវនាការរបស់ព្រឹទ្ធសភាជុំវិញដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក្នុងខែនេះ។
លោក Campbell បានប្រាប់គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាថា៖«ខ្ញុំគិតថា យើងទំនងជាបានឮព័ត៌មានអំពីប្រទេសឥណ្ឌាចូលរួមដោយផ្ទាល់ នៅក្នុងអ៊ុយក្រែន។ ខ្ញុំដឹងគុណចំពោះរឿងនោះ។ ខ្ញុំគិតថា ប្រទេសឥណ្ឌា ចង់ដើរតួនាទីប្រកបដោយការទទួលខុសត្រូវ ជាសកល»។

បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ បន្ទាប់ពីការលុកលុយពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ប៉ុន្តែប្រទេសមួយចំនួនដូចជាឥណ្ឌា និងចិន បានបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។
លោក Modi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ កាលពីដើមខែនេះ ខណៈដែលរុស្ស៊ីបានវាយប្រហារដោយមីស៊ីលទៅលើមន្ទីរពេទ្យ ក្នុងទីក្រុងគីវ ( Kyiv) និងបានសម្លាប់មនុស្សចំនួន ៤៤នាក់ ដោយនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា លោក Modi ទំនងជានឹងទៅបំពេញទស្សនកិច្ច នៅអ៊ុយ ក្រែន ក្នុងខែសីហា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ឆ្នាំ ២០២២។