
ក្រុមយុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យ បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើការជួបជុំលើកដំបូងជាមួយបេក្ខជនអនុប្រធានាធិបតីថ្មីរបស់លោកស្រី នៅថ្ងៃទី៦ ខែសីហា ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ដោយចាប់ផ្តើមដំណើរនៅរដ្ឋសមរភូមិរយៈពេល ៤ថ្ងៃ ដែលរួមមានរដ្ឋ Michigan និង Arizona។
ទីកន្លែងនៃការសំចតទី១ នេះ បង្ហាញថា អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បានរំកិលឡើងទៅឈរលើគេក្នុងបញ្ជីឈ្មោះមិត្តរួមតំណែង ហើយក៏ជាការបង្ហាញថា ក្រុមយុទ្ធនាការរបស់លោកស្រី Harris បានសម្រេចថា រដ្ឋដែលគណបក្សប្រជាធិបតេយ្យបានឈ្នះគណបក្សសាធារណរដ្ឋ នៅឆ្នាំ២០២០ គឺជាត្រូវតែមានជ័យជម្នះម្តងទៀត។

ការសម្រេចចិត្តដែលមានហានិភ័យខ្ពស់ ដែលថា អ្នកណានឹងឈ្មោះផ្លូវប្រកួតប្រជែងជាមួយលោកស្រី Harris បានក្លាយជារឿងសំខាន់ គិតចាប់តាំងពីលោកស្រី បានក្លាយជាបេក្ខជនទី១ ខាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចប់ការប៉ុនប៉ងរបស់លោក ដើម្បីប្រជែងកៅអីសេតវិមានម្ដងទៀត កាលពីជាង ១សប្តាហ៍មុន។
ប្រភពបាននិយាយថា លោកស្រី Harris ត្រូវបានគេរំពឹងថា នឹងប្រកាសការសម្រេចចិត្តឲ្យបានឆាប់ នៅថ្ងៃទី៥ ខែសីហា ពោលគឺឲ្យបានមុនព្រឹត្តិការណ៍ថ្ងៃទី៦ ខែសីហា។ បញ្ជីរាយឈ្មោះបេក្ខជន ដែលកំពុងស្ថិតក្នុងការពិចារណា រួមមានលោក Shapiro អភិបាលរដ្ឋ Kentucky គឺលោក Andy Beshear សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅរដ្ឋ Arizona គឺលោក Mark Kelly អភិបាលរដ្ឋ Minnesota លោក Tim Walz និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Pete Buttigieg៕