អាមេរិក៖ អាកាសធាតុល្អកាលពីថ្ងៃព្រហស្បតិ៍ បានជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំនៅរដ្ឋ California ដែលគំរាមកំហែងដល់សហគមន៍នៅជុំវិញបឹង Tahoe ប៉ុន្តែក្រុមមេបញ្ជាការពន្លត់អគ្គិភ័យបានព្រមានក្រុមអ្នកពន្លត់អគ្គិភ័យឱ្យត្រៀមខ្លួន សម្រាប់គ្រោះថ្នាក់ដែលកំពុងកើតឡើង។

ខ្យល់បក់ខ្លាំង និងស្ថានភាពស្ងួតហែងដែលបណ្តាលឱ្យភ្លើងឆេះព្រៃមានឈ្មោះថា Caldor Fire ឆេះរាលដាលខ្លាំងទៅដល់តំបន់ Sierra Nevada រយៈពេលជាច្រើនថ្ងៃ ប៉ះពាល់ទីក្រុងធំបំផុតដែលជាតំបន់កម្សាន្តដ៏សំខាន់ស្ថិតនៅព្រំដែនរដ្ឋ California-Nevada។ មនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីតំបន់បឹង South Tahoe កាលពីដើមសប្ដាហ៍នេះ។ មន្ត្រីបានព្រមានថា ប៉ុន្តែខ្យល់កន្ត្រាក់ខ្លាំងទំនងជានៅតំបន់ខ្លះ ហើយព្រៃនៅតែស្ងួតខ្លាំង។ ភ្លើងកំពុងឆាបឆេះផ្នែកខាងមុខជាច្រើនកន្លែង ដែលកំពុងគំរាមកំហែងដល់សហគមន៍ជាច្រើន។ ភ្លើងបានឆាបឆេះលើផ្ទៃដីជាង ៨៥០គីឡូម៉ែត្រក្រឡា និងទើបពន្លត់បាន ២៥% កាលពីថ្ងៃព្រហស្បតិ៍។
អ្នកពន្លត់អគ្គិភ័យជាង ១៥.០០០នាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះនៅរដ្ឋ California រាប់សិបកន្លែង រួមទាំងការឆាបឆេះដ៏គួរឱ្យភ័យខ្លាចមួយទៀត គឺភ្លើងឆេះព្រៃដែលមានឈ្មោះថា Dixie Fire ចម្ងាយប្រហែល ១០៥គីឡូម៉ែត្រភាគខាងជើង។ វាគឺជាភ្លើងឆេះព្រៃដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ ដែលបានឆេះបំផ្លាញព្រៃឈើប្រហែល ៣.៤៨០គីឡូម៉ែត្រក្រឡា៕
អត្ថបទ៖ សុខមាន