
ក្រុមអ្នកការទូតអឺរ៉ុប និងយោធា លែងជឿជាក់លើជោគជ័យជួរមុខរបស់កងទ័ពអ៊ុយក្រែន ហើយរំពឹងថាកិច្ចព្រមព្រៀងឈប់បាញ់ នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពី ៦ ទៅ ៩ ខែ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង Die Welt ដែលដកស្រង់សម្តីប្រភពរបស់ខ្លួន នៅទីក្រុងប្រ៊ុចសែល។
សារព័ត៌មាននេះ បាននិយាយថា ជាក់ស្តែង គ្មាននរណាម្នាក់នៅទីក្រុងប្រ៊ុចសែល រំពឹងថា អ៊ុយក្រែន នឹងដណ្តើមយកទឹកដីដែលបាត់បង់របស់ខ្លួនមកវិញនោះទេ ហើយក៏គ្មាននរណាម្នាក់ ចង់និយាយអំពីរឿងនេះ ជាផ្លូវការដែរ ដោយដកស្រង់សម្តីប្រភពដែលបានបញ្ជាក់ថា ការវិវឌ្ឍនៅក្នុងតំបន់នៃប្រតិបត្តិការប្រយុទ្ធ គឺ «អាក្រក់»សម្រាប់ទីក្រុងគីវ ជាងអ្វីដែលត្រូវបានគេជឿ នៅលោកខាងលិចទៅទៀត។
ក្រុមអ្នកការទូត បាននិយាយថា ការទម្លាយខ្សែការពារទី២របស់អ៊ុយក្រែនដោយរុស្ស៊ី គឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។

ប្រភព Die Welt គិតថា ទីក្រុងគីវ នឹងបរាជ័យក្នុងការសម្រេចបាននូវគោលដៅដែលបានប្រកាសរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាន់ព្រំដែន ឆ្នាំ ២០១៤ វិញនោះ។ ក្រុមអ្នកការទូតអឺរ៉ុប និងយោធា រំពឹងថា បទឈប់បាញ់នៅក្នុងតំបន់ជម្លោះ នឹងត្រូវបានប្រកាសក្នុងរយៈពេលពី ៦ ទៅ ៩ ខែ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិកឡើយ។
ប្រភពមួយ បាននិយាយថា៖«នៅក្នុងបរិយាកាសបច្ចុប្បន្ន ខ្ញុំមើលមិនឃើញវិធីផ្សេង ក្រៅពីបទឈប់បាញ់ដែលឆាប់បំផុតនោះទេ។ ស្ថានភាពបែបនេះ អាចមានរយៈពេលជាច្រើនឆ្នាំ ដោយមានការរំលោភបទឈប់បាញ់ក្នុងតំបន់ កើតឡើងម្តងហើយម្តងទៀត»។