
ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ៩០ភាគរយនៃចំនួនប្រជាជននៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីលំនៅឋាន ដែលមនុស្សមួយចំនួនភៀសខ្លួនជាច្រើនដង ហើយមនុស្ស ២៥០.០០០នាក់ ឬ១១ភាគរយ ត្រូវបានជម្លៀសខ្លួនកាលពីសប្តាហ៍មុនតែមួយសប្តាហ៍។
ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា សហសេវិកនៅតំបន់ហ្កាហ្សា បានសង្កេតឃើញការវិលត្រឡប់របស់ប្រជាជនរាប់ពាន់នាក់ទៅកាន់ផ្នែកមួយចំនួននៅទីក្រុង Khan Younis កាលពីថ្ងៃអង្គារ។ នេះរាប់បញ្ចូលទាំងតំបន់ជិតខាងភាគកណ្តាល និងភាគខាងកើត នៅក្នុងទីក្រុង និងតំបន់ Bani Suhaila នៅជាប់គ្នានោះ។
ការត្រឡប់ទៅវិញរបស់ពួកគេ មានឡើងបន្ទាប់ពីការប្រកាសបញ្ចប់ប្រតិបត្តិការជើងគោកដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ទាំងនោះកាលពីពេលយប់។
អង្គការ OCHA បាននិយាយថា ខ្លួនព្រួយបារម្ភអំពីផលប៉ះពាល់នៃបទបញ្ជាជម្លៀសម្តងហើយម្តងទៀត ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។ គ្រួសារជាច្រើនជារឿយៗ ត្រូវភៀសខ្លួនក្រោមការបាញ់ផ្លោង ដោយយកទៅបានមានតែរបស់ដែលពួកគេអាចកាន់បានតែប៉ុណ្ណោះ។

ក្រុមអង្គការមនុស្សធម៌ បាននិយាយថា គ្រួសារដែលភៀសខ្លួនជាច្រើន ស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ឬតង់ចង្អៀតណែន ដែលត្រូវការការជួសជុលបន្ទាន់។ អ្នកផ្សេងទៀត បានត្រឡប់ទៅកាន់អគារដែលត្រូវបានបំផ្លាញវិញ ជាកន្លែងដែលពួកគេដេកលើសំរាម និងកម្ទេចកម្ទីបាក់បែក។
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានរាយការណ៍ថា ប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹងនៅតំបន់ហ្កាហ្សា បានដួលរលំ។