
ក្រសួងការពារជាតិរុស្ស៊ី និយាយនៅថ្ងៃពុធនេះថា រុស្ស៊ី បានចាប់ផ្តើមដំណាក់ទី ៣នៃសមយុទ្ធអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា អនុលោមតាមការសម្រេចរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដំណាក់កាលទី ៣នៃសមយុទ្ធកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត បានចាប់ផ្តើម ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា ទាហានមកពីភូមិភាគកណ្តាល និងភូមិភាគត្បូង នឹងហ្វឹកហាត់វិធីសាស្រ្តដាក់ពង្រាយក្បាលគ្រាប់គំរូបំពាក់លើប្រព័ន្ធមីស៊ីលតាក់ទិក និងប្រតិបត្តិការ Iskander-M ។

ក្រសួងបន្តថា ដំណាក់កាលបច្ចុប្បន្ននៃសមយុទ្ធ មានគោលដៅរក្សាការត្រៀមខ្លួនរបស់បុគ្គលិក និងគ្រឿងយុទ្ធោបករណ៍របស់អង្គភាពប្រយុទ្ធ ប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្តរបស់រុស្ស៊ី ដើម្បីចុះបេសកកម្មប្រយុទ្ធ ។
គួរឲ្យដឹងថា រុស្ស៊ី បានចាប់ផ្តើមដំណាក់កាលទី ១នៃសមយុទ្ធយោធានេះ កាលពីខែ ឧសភា ហើយប្រទេសសម្ព័ន្ធមិត្តបេឡារុស បានចូលរួមដំណាក់កាលទី ២ កាលពីខែមិថុនា ។
រុស្ស៊ី និយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ កំពុងរុញច្រានពិភពលោកឲ្យធ្លាក់លើមាត់ជ្រោះនៃការប្រឈមដាក់គ្នានុយក្លេអ៊ែរ តាមរយៈការផ្តល់អាវុធតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះអាវុធខ្លះទៀត ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ។
ចាប់តាំងពីបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២មក លោកប្រធានាធិបតី Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ី អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន គឺជាសេចក្តីអត្ថាធិប្បាយមួយដែលលោកខាងលិចចាត់ទុកថាជា ការកំរាមកំហែងដោយកម្លាំងយោធា ៕