
សារព័ត៌មានអ៊ីរ៉ង់ រាយការណ៍នៅថ្ងៃពុធនេះថា ក្រសួងការបរទេសអ៊ីរ៉ង់ បានសម្តែងមរណទុក្ខចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយថា ការស្លាប់របស់លោក Haniyeh នឹងពង្រឹងចំណងមិត្តភាពកាន់តែស៊ីជម្រោះ និងមិនអាចបំបែកបានរវាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងជនប៉ាឡេស្ទីន ។
មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់នាព្រឹកថ្ងៃពុធនេះ ។ លោកបានស្ថិតនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ។

លោក Pezeshkian និយាយថា អ៊ីរ៉ង់នឹងការពារបូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ កិត្តិយស និងមោទនភាពរបស់ខ្លួន ហើយពួកយើងនឹងធ្វើឲ្យក្រុមកាន់កាប់ភេរវករ សោកស្តាយចំពោះអំពើដ៏កំសាកញីនៃការធ្វើឃាតលោក Haniyeh ។
ដោយឡែក ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា លោក Haniyeh បានក្លាយជាគោលដៅធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក រួមជាមួយនឹងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក ។
លោក Haniyeh គឺជាប្រធានគោលនយោបាយដែលត្រូវបាននិរទេសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយបានចំណាយពេលច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកាតា ។
អំឡុងសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា លោកបានដើរតួជាអ្នកចរចាបទឈប់បាញ់ និងបានទាក់ទងជាមួយសម្ព័ន្ធមិត្តសំខាន់របស់ក្រុមហាម៉ាស គឺអ៊ីរ៉ង់ ៕