
ជម្លោះការទូត បានផ្ទុះឡើងរវាងប៉ូឡូញ និងហុងគ្រី ដែលបង្ហាញពីភាពតានតឹងដ៏ជ្រៅនៅទ្វីបអឺរ៉ុប អំពីរបៀបដោះស្រាយជាមួយរុស្ស៊ី នៅពេលដែលខ្លួន កំពុងធ្វើសង្រ្គាមលើអ៊ុយក្រែន។
ប្រទេសប៉ូឡូញ ក៏ដូចជាអាល្លឺម៉ង់ បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀតភាគច្រើន គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែន ខណៈដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយវិមានក្រឹមឡាំង ក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបទាំងអស់។

រដ្ឋាភិបាលប៉ូឡូញ បានរិះគន់ហុងគ្រីដោយបើកចំហចំពោះជំហររបស់ខ្លួន។ ជម្លោះនេះ បានផ្ទុះឡើងនៅពេលដែលលោក Orbán បានរិះគន់ប្រទេសប៉ូឡូញ កាលពីចុងសប្តាហ៍មុន។
លោក Orbán បានលើកឡើងថា៖«ប្រទេសប៉ូឡូញ កំពុងបន្តគោលនយោបាយយកប្រៀបលើគេ និងលាក់ពុតបំផុតនៅអឺរ៉ុបទាំងមូល។ ពួកគេ កំពុងបង្រៀនយើងប្រកបដោយសីលធម៌ ដោយរិះគន់យើងចំពោះទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយរុស្ស៊ី ហើយក្នុងពេលជាមួយគ្នានេះ ពួកគេ កំពុងធ្វើជំនួញជាមួយប្រជាជនរុស្ស៊ី និងទិញប្រេងដោយប្រយោល និងដំណើរការសេដ្ឋកិច្ចប៉ូឡូញជាមួយនឹងជំនួញនេះ»។