ក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំង សូមធ្វើការជំទាស់ដាច់ណាត់ និងថ្កោលទោសទាំងស្រុងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ហើយពួកគេបន្តថា ឧបទ្ទេវហេតុនេះ អាចនឹងនាំឲ្យកើតមានអស្ថិរភាពនៅក្នុងតំបន់បន្ថែមទៀត ។
ក្រុមជីវពលប៉ាឡេស្ទីន និយាយថា មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតនៅព្រឹកមិញនេះ ក្នុងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យកើតមានការព្រួយបារម្ភដល់ការឡើងកម្តៅភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយនិងជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសលីបង់ ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា លោក Haniyeh បានក្លាយជាគោលដៅធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក រួមជាមួយនឹងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក ហើយពួកគេ កំពុងបើកការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងថា ឧបទ្ទេវហេតុមួយនេះ អាចនឹងនាំឲ្យអស្ថិរភាពបន្ថែមទៀតដល់ស្ថានភាពក្នុងតំបន់ ៕