នៅថ្ងៃពុធនេះ រុស្ស៊ី បានថ្កោលទោសការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅក្នុងប្រទេសអ៊ីរ៉ង់ និងបានអំពាវនាវដល់ភាគីទាំងអស់ត្រូវតែបន្តការអត់ធ្មត់ ចៀសផុតពីជំហានដែលអាចនាំឲ្យជ្រោយតំបន់មជ្ឈិមបូព៌ាធ្លាក់ទៅក្នុងសង្រ្គាមធំ ។
ក្រុមជីវពលប៉ាឡេស្ទីន និយាយថា មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតនៅព្រឹកមិញនេះ ក្នុងប្រទេសអ៊ីរ៉ង់ ធ្វើឲ្យកើតមានការព្រួយបារម្ភដល់ការឡើងកម្តៅភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ ដែលរងភាពរង្គោះរង្គើរួចទៅហើយដោយសារសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយនិងជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសលីបង់ ។
លោក Andrei Nastasiyn គឺជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងដាច់ណាត់ចំពោះឃាតករសម្លាប់ប្រធានការិយាល័យនយោបាយក្រុមចលនាប៉ាឡេស្ទីនលោក Ismail Haniyeh ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើគេហដ្ឋានរបស់លោកនៅក្នុងទីក្រុងតេអេរ៉ង់ ។
លោក Nastasiyn បន្តថា ច្បាស់ណាស់ថា ក្រុមអ្នករៀបចំគម្រោងការធ្វើឃាតអ្នកនយោបាយ ដឹងពីផលវិបាកដ៏គ្រោះថ្នាក់ចំពោះទង្វើបែបនេះ ថាវាគឺជាបញ្ហាមួយសម្រាប់តំបន់ទាំងមូល ។ លោកថា រុស្ស៊ី យកចិត្តទុកដាក់លើការពិតដែលថា ការសម្លាប់នេះ ធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ។
លោក Nastasiyn និយាយទៀតថា ពួកយើងសូមជំរុញឲ្យភាគីទាំងអស់ ចូលរួមបន្តភាពអត់ធ្មត់ និងបោះបង់ចោលជំហានណាមួយដែលអាចនាំឲ្យកើតមានការធ្លាក់ចុះស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងនាំឲ្យឈានទៅរកការប្រឈមប្រដាប់អាវុធទ្រង់ទ្រាយធំ ។
រុស្ស៊ី បានធ្វើការថ្កោលទោសផងដែរ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាងគេបំផុតមួយរូបរបស់ក្រុមហេសប៊ូឡា នៅទីក្រុង Beirut កាលពីថ្ងៃអង្គារ ៕