
ក្រុមមេធាវីសិទ្ធិមនុស្ស បានប្រាប់ឲ្យដឹងថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ តាមរយៈការបង្ហោះរូបភាពបញ្ច្រាសចុះឡើង នៅលើបណ្ដាញសង្គម។
លោក Parit Chiwarak ដែលគេស្គាល់ឈ្មោះហៅក្រៅថា Penguin ត្រូវបានរកឃើញថា មានទោសពីបទរំលោភបំពានច្បាប់បរិហារព្រះកិត្តនាមព្រះមហាក្សត្រ ឬប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ក្នុងអំឡុងពេលមានបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយក្រុមយុវជន ក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១។
បើយោងតាមក្រុមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស (TLHR) បានឲ្យដឹងថា លោក Chiwarak ត្រូវបានរំពឹងថា នឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទបរិហារព្រះកិត្តនាមព្រះមហាក្សត្រចំនួន ២៤ករណីបន្ថែមទៀត។

សកម្មជនវ័យ ២៦ឆ្នាំរូបនេះ ដែលមិនមានវត្តមាននោះឡើយ នៅក្នុងតុលាការទីក្រុងបាងកក នាថ្ងៃទី៣១ ខែកក្កដានេះ គឺជាឥស្សរជនសំខាន់ម្នាក់ អំឡុងពេលដឹកនាំបាតុកម្មដែលឃើញមនុស្សរាប់ម៉ឺននាក់ បានដើរតវ៉ាតាមដងផ្លូវ ដោយធ្វើការអំពាវនាវដែលមិនធ្លាប់មានពីមុនមកឲ្យមានកំណែទម្រង់របបរាជានិយម។
គួរបញ្ជាក់ថា ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលស្ថិតក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោកនោះ ការពារព្រះមហាក្សត្រ Maha Vajiralongkorn និងរាជវង្សានុវង្សរបស់ព្រះអង្គ ដោយបទល្មើសនីមួយៗ អាចត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
អ្នករិះគន់និយាយថា រដ្ឋាភិបាលបានប្រើច្បាប់នេះ ដើម្បីបំបិទមាត់អ្នកប្រឆាំង។ ហើយបើយោងតាម TLHR បានឲ្យដឹងថា មនុស្សជាង ២៧០នាក់ ត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ គិតចាប់តាំងពីឆ្នាំ២០២០ មក៕