
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានប្រកាសនៅថ្ងៃពុធនេះថា ពាក់កណ្តាលនៃតំបន់ភាគខាងកើតប្រទេស ស្ថិតក្នុងហានិភ័យខ្ពស់បំផុតនៃភ្លើងឆេះព្រៃ ស្របពេលដែលរលកកម្តៅទី ៣ប្រចាំរដូវក្តៅ ជិតឡើងដល់ចំណុចកំពូល ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃទាំងយប់នៅខេត្ត Cuenca និងខេត្ត Alicante ។
ទីក្រុង ២នៅជិតទីក្រុង Valverdejo ស្ថិតក្នុងខេត្ត Cuenca មិនអនុញ្ញាតឲ្យមនុស្សចេញក្រៅ នោះឡើយ ដើម្បីការពារអ្នកស្រុកពីការស្រូបចូលផ្សែង ។

ទូរទស្សន៍ជាតិអេស្ប៉ាញ រាយការណ៍ថា នៅក្នុងទីក្រុង Benasau ស្ថិតក្នុងខេត្ត Alicante ពលរដ្ឋប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញ ជាវិធានការបង្ការទុកជាមុន ។
សេវាកម្មសង្រ្គោះបន្ទាន់ បានរាយការណ៍ពីការរីករាលដាលពុំសូវខ្លាំងនៃភ្លើងឆេះព្រៃនៅទីក្រុង Benasau នាព្រឹកថ្ងៃពុធនេះ ប៉ុន្តែខ្យល់បក់ខ្លាំង អាចនឹងធ្វើឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំង ។
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ រាយការណ៍ថា ថ្ងៃពុធនេះ គេនឹងអាចមើលឃើញសីតុណ្ហភាពហក់ឡើងខ្ពស់លើសពី ៤០អង្សាសេ តាមតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ៕