
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិត នៅឆ្នាំ២០២១ លើទីភ្នាក់ងារកិច្ចការផែនទីរបស់សហព័ន្ធដោយតួអង្គរដ្ឋ ដែលជាការធ្វើឡើងសម្រាប់គោលបំណងចារកម្ម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានលើកឡើងថា៖ «យើងអំពាវនាវឲ្យប្រទេសចិនចៀសវាង និងទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិតបែបនេះទៀត»។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់អាចកំណត់ការទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានទំនាក់ទំនងជាមួយតួអង្គរដ្ឋចិន ដោយផ្អែកលើព័ត៌មានពីសេវាស៊ើបការណ៍សម្ងាត់របស់ខ្លួន ដោយបន្ថែមថា ការវាយប្រហារនេះត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងចារកម្ម។
យោងតាមសេចក្ដីថ្លែងការណ៍នោះ បានដឹងទៀតថា ក្រសួងបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារនេះ ដែលពួកចោរព័ត៌មានវិទ្យា បានព្យាយាមចូលទៅបិទឧបករណ៍ប្រើប្រាស់ទាំងរបស់បុគ្គល និងក្រុមហ៊ុនឯកជន៕