សៀមរាប ៖ បើទោះជាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលែន-សៀមរាប មានករណីឆ្លងវារ៉ុសកូវីដ១៩ តែ២ករណីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ មជ្ឈមណ្ឌលគ្រោងនឹងបញ្ចប់នៅក្នុងវគ្គទី២ ចំនួន ២៤៨នាក់ ខណៈដែលការចាក់វាក់សាំងដូសជំរុញវគ្គទី១បានចំនួន ៣៧០នាក់ ។
ថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩វគ្គទី២ ដូសទី៣ ឬដូសជម្រុញ ប្រភេទអាស្ត្រាហ្សេណេកា។
លោកនាយកមជ្ឈមណ្ឌលឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ មជ្ឈមណ្ឌលគ្រោងនឹងបញ្ចប់នៅក្នុងវគ្គទី២នេះ បើទោះជាត្រូវពន្យាពេលរង់ចាំបងប្អូន ដែលមានធុរៈយ៉ាងណាក៏ដោយ។ លោកបានរំលឹកដែរថា វគ្គទី១ ដូសទី៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ មានបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានទទួលចំនួន៣៧០នាក់។ សម្រាប់វគ្គទី២ ដូសទី៣នេះ កំពុងរង់ចាំបងប្អូនអ្នកទទួលចំនួន២៤៨នាក់ទៀត។
ក្នុងនាមបងប្អូនយោធិនពិការនិងក្រុមគ្រួសារ លោកនាយកមជ្ឈមណ្ឌល បានលើកឡើងថា ជាការយកចិត្តទុក្ខដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ គឺជាគុណធម៌ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះឡើយ។
លោកបានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់ពេលនេះ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប មានការឆ្លងមេរោគកូវីដ-១៩ តែ២ករណីប៉ុណ្ណោះ។
លោកបន្ថែមឲ្យដឹងទៀតថា ការចាក់វាក់សាំង ពុំមែនជាមធ្យោបាយតែមួយគត់នោះឡើយ ក្នុងការការពារទប់ស្តាត់ការរីករាលដាលនៃជំងឺកូវី-១៩ ការដែលមជ្ឈមណ្ឌល៣១៧ គូលែន-សៀមរាប មានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ដ៏តិចតួចបំផុតនេះ គឺដោយសារតែការគ្រប់គ្រងច្បាស់លាស់ ពីសេសគឺការចូលរួមពីសំណាក់បងប្អូនយោធិនពិការ និងក្រុមគ្រួសារផងដែរ ដោយពួកគាត់អនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ និង៣កុំ បានយ៉ាងល្អប្រសើរ៕
អត្ថបទ ៖ គឹមឡេង




