អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) បានលើកឡើងថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយបានព្រមានហ្វីលីពីនថា ការទាក់ទាញប្រទេសដទៃឲ្យបង្កការប្រឈមមុខដាក់គ្នា នឹងបានត្រឹមតែធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសន្យាផ្តល់មូលនិធិចំនួន ៥០០លានដុល្លារ សម្រាប់យោធា និងឆ្មាំល្បាតឆ្នេររបស់ហ្វីលីពីន ដែលជាការបង្ហាញនូវការគាំទ្រដ៏ធំដល់ទីក្រុងម៉ានីល ខណៈដែលប្រទេសនេះប្រឈមមុខនឹងសកម្មភាពរបស់ចិន ក្នុងដែនទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ប្រទេសចិនបានបង្ហាញនូវជំហររបស់ខ្លួនយ៉ាងច្បាស់នៅក្នុងឱកាសជាច្រើនមកហើយ។ សហរដ្ឋអាមេរិកមិនមែនជាភាគីនៃសមុទ្រចិនខាងត្បូងនោះទេ ហើយក៏គ្មានសិទ្ធិជ្រៀតជ្រែកក្នុងបញ្ហាដែនសមុទ្រ រវាងប្រទេសចិន និងហ្វីលីពីននោះដែរ»។
ជាមួយគ្នានេះ លោក Lin ក៏បានព្រមានដែរថា ហ្វីលីពីនគួរតែ «ដឹងថា ការនាំយកប្រទេសក្រៅដែនដី ដើម្បីមកបង្កការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ហើយភាពតានតឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ»៕