ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅលីបង់លោក Mojtaba Amani បានព្រមានអ៊ីស្រាអែលថា អ៊ីរ៉ង់ នឹងសងសឹក បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅព្រឹកថ្ងៃពុធនេះ ។
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅក្នុងទីក្រុង Beirut លោក Mojtaba និយាយថា អ៊ីរ៉ង់នឹងមិនបណ្តោយឲ្យតំបន់រងទុក្ខដោយសាររដ្ឋបាលពួតដៃគ្នារបស់អ៊ីស្រាអែល និងអាមេរិកនោះឡើយ ។
លោក Amani និយាយថា នៅពេលដែលពួកយើងរៀបចំសន្និសីទសារព័ត៌មាន មេបញ្ចាការកងទ័ពនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងកើតមាន ។ ដូច្នេះហើយ អ៊ីស្រាអែល នឹងទទួលបានការឆ្លើយតបដ៏ស័ក្តិសមចំពោះប្រតិបត្តិការភេរវកម្មមួយនេះ ។
លោកនិយាយដែរថា ក្រុមហេសប៊ូឡា នឹងកំណត់ពេលវេលាត្រឹមត្រូវ សម្រាប់ការឆ្លើយតបចំពោះការវាយនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង Beirut ។
លោក Amani បញ្ជាក់ថា សង្រ្គាមនៅកំពុងកើតមាន ដូច្នេះហើយក្នុងដំណាក់កាលនេះ អ៊ីស្រាអែល ត្រូវដឹងខ្លួនឯងច្បាស់ថា ពួកគេនឹងក្លាយជាគោលដៅវាយប្រហាររបស់ភាគីជាច្រើន ៕
