
របបយោធារបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធ (ទី៣១ ខែកក្កដា) នេះ បានបន្លាយពេលវេលានៃការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត ដោយបានពន្យារការបោះឆ្នោតថ្មី ដែលខ្លួនបានសន្យាថា នឹងរៀបចំឡើង ខណៈដែលរបបនេះត្រូវទប់ទល់ជាមួយក្រុមប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធា្លក់ចូលក្នុងភាពចលាចល ចាប់តាំងពីមានរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបញ្ចប់ការដកពិសោធន៍រយៈពេល ១០ឆ្នាំជាមួយនឹងលទ្ធិប្រជាធិបតេយ្យ និងបានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើអ្នកប្រឆាំង។
រយៈពេល ៣ឆ្នាំកន្លះក្រោយមក របបយោធាកំពុងប្រឹងប្រែងយយ៉ាងលំបាកដើម្បីកម្ចាត់ក្រុមប្រឆាំងប្រដាប់អាវុធដែលរីករាលដាលគ្រប់ទីកន្លែង ហើយថ្មីៗនេះ បានទទួលរងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ក្រោមដៃរបស់សម្ព័ន្ធភាពនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ទូរទស្សន៍ MRTV បានរាយការណ៍ថា របបយោធាមិនអាចរៀបចំការបោះឆ្នោតថ្មី ដូចដែលបានគ្រោងទុកនោះឡើយ បន្ទាប់ពីបានដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ២ឆ្នាំដំបូង «ដោយសារតែអំពើភេរវកម្ម» របស់ក្រុមប្រឆាំង។ សេចក្ដីរាយការណ៍របស់ទូរទស្សន៍ MRTV បានឲ្យដឹងថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលមានសុទ្ធតែសមាជិករបស់របបយោធា «បានសម្រេចចិត្តជាឯកច្ឆន្ទបន្តរយៈពេលនៃការដាក់រដ្ឋក្នុងគ្រាអាសន្ន ៦ខែទៀត»។
ប្រមុខរបបយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing បានស្នើឲ្យមានការពន្យារពេល «ដើម្បីរៀបចំឲ្យបានត្រឹមត្រូវ និងច្បាស់លាស់» សម្រាប់ការបោះឆ្នោត ដែលរបបយោធាបានសន្យាថា នឹងរៀបចំឡើង ដែលប្រហែលជានៅឆ្នាំ២០២៥។ ហើយបើតាមទូរទស្សន៍ MRTV បានឲ្យដឹងបន្ថែមថា ការបន្លាយពេលវេលាបន្ថែមនេះ ក៏ចាំបាច់ផងដែរ ដើម្បី «ធ្វើជំរឿនប្រជាជន និងដើម្បីបន្តការអនុវត្តការងារដែលត្រូវធ្វើ»៕