មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ (៣១ កក្កដា) ហើយនោះជាការវាយប្រហារដែលទាក់ទាញការគំរាមសងសឹកលើអ៊ីស្រាអែល និងជំរុញឱ្យមានការបារម្ភបន្ថែមទៀតថាជម្លោះនៅតំបន់ហ្កាហ្សា កំពុងរាលដាលក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ និងរុញឱ្យតំបន់នេះធ្លាក់ក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ថ្មី។

ក្រុមហាម៉ាស និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់របស់លោក Haniyeh។ ទោះបីជាការវាយប្រហារលើលោក Haniyeh ត្រូវបានគេសន្មត់យ៉ាងទូលំទូលាយថាត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនបានអះអាងទទួលខុសត្រូវឡើយ ហើយថាខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើរឿងនោះទេ។

លោក Netanyahu មិនបាននិយាយអំពីការសម្លាប់លោក Haniyeh នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីល្ងាចថ្ងៃពុធឡើយ ប៉ុន្តែបាននិយាយថា អ៊ីស្រាអែលបានវាយលុកយ៉ាងធ្ងន់ធ្ងរដល់ភ្នាក់ងាររបស់អ៊ីរ៉ង់ ដែលរួមមានក្រុមហាម៉ាស និងក្រុមហេសបូឡា ហើយនឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារណាមួយមកលើខ្លួន។
ព្រឹត្តិការណ៍ចុងក្រោយនេះ ហាក់ដូចជាជំហានថយក្រោយនៃឱកាសនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលជិតមកដល់នៅក្នុងសង្គ្រាមជិត ១០ខែនៅហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្លាប់របស់លោក Haniyeh នឹង «ធ្វើឱ្យការប្រយុទ្ធកាន់តែខ្លាំងក្លា និងលទ្ធផលធ្ងន់ធ្ងរ»។ ដោយប្តេជ្ញាសងសឹក អ៊ីរ៉ង់បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ហើយបាននិយាយថា សហរដ្ឋអាមេរិកមានចំណែកក្នុងការសម្លាប់នេះដោយសារតែការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល៕