ក្រុមហេសបូឡា របស់លីបង់ បានបញ្ជាក់កាលពីថ្ងៃពុធ (៣១ កក្កដា) ថា មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនឈ្មោះ ហ៊ូអាដ សុកគឺ (Fuad Shukr) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅជាយក្រុងនៃរដ្ឋធានីលីបង់ ដែលធ្វើឱ្យលោកក្លាយជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ក្រុមនេះ ដែលត្រូវបានសម្លាប់ក្នុងរយៈពេលជិត ១០ខែនៃជម្លោះជាមួយអ៊ីស្រាអែល។

ប្រភពសន្តិសុខពីរបានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា សាកសពរបស់មេបញ្ជាការយោធាហេសបូឡា លោក Shukr ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែកនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាទីតាំងដ៏រឹងមាំរបស់ក្រុមនេះ។ នោះជាលើកទីពីរហើយ ដែលតំបន់នេះត្រូវបានវាយប្រហារចាប់តាំងពីខែតុលាមក នៅពេលដែលក្រុមហេសបូឡា និងអ៊ីស្រាអែល បានចាប់ផ្តើមការបាញ់ប្រហារទៅមក ស្របគ្នានឹងសង្រ្គាមហ្កាហ្សា។

យោធាអ៊ីស្រាអែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានសម្លាប់លោក Shukr ដែលខ្លួនថាជាមេខ្លោងក្នុងការវាយប្រហារកាលពីថ្ងៃទី២៧ ខែកក្កដា ដែលបានបណ្តាលឱ្យមនុស្ស ១២នាក់ស្លាប់ក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល។ ក្រុមហេសបូឡា បានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះទេ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា លោក Shukr «មានឈាមរបស់ប្រជាជនអ៊ីស្រាអែលជាច្រើននៅលើដៃរបស់លោក ហើយគ្មានកន្លែងណាដែលហួសពីសមត្ថភាពរបស់អ៊ីស្រាអែលក្នុងការបង្ហាញថាឈាមពលរដ្ឋខ្លួនមានមិនហូរដោយអត់ន័យនោះទេ»៕
