អ្នកការទូតជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើងម្នាក់ ដែលបានរត់ចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន Reuters ថា កូរ៉េខាងជើង ចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រសិនបើ លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីជាថ្មី ហើយនឹងធ្វើការដើម្បីបង្កើតយុទ្ធសាស្ត្រចរចាថ្មីមួយ ។

លោក Ri Il Gyu គឺជាអ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលរត់ចូលទៅទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៦។ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក Ri បាននិយាយថា កូរ៉េខាងជើង បានកំណត់ ប្រទេសរុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាព គោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងហួសពីនេះ។

លោក Ri បាននិយាយថា ខណៈកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងមានបំណងបើកការចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Trump ទទួលជ័យជម្នះក្នុងការបោះឆ្នោត នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។
លោក Ri និយាយថា អ្នកការទូតរបស់ទីក្រុងព្យុងយ៉ាង កំពុងដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់សេណារីយ៉ូនោះ ដោយមានគោលដៅដកចេញទណ្ឌកម្មលើកម្មវិធីសព្វាវុធរបស់ខ្លួន និងដកចេញការចាត់តាំងថាជាអ្នកជួយឧបត្ថម្ភរដ្ឋក្នុងអំពើភេរវកម្ម។
ការអត្ថាធិប្បាយរបស់លោក បង្ហាញពីសក្តានុពលនៃការប្រឈមមុខទៅនឹងជំហរបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះ បានលុបចោលលទ្ធភាពនៃការសន្ទនាជាមួយសហរដ្ឋអាមេរិក និងព្រមានអំពីការប្រឈមមុខដាក់គ្នាដោយអាវុធ។
កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Trump នៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ បានដួលរលំ ជុំវិញការដាក់ទណ្ឌកម្ម ។
