កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបាននិយាយថា កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ (៣១ កក្កដា)។ សម្ព័ន្ធមិត្តទាំងពីរបានចាប់ផ្តើមសកម្មភាពដែនសមុទ្ររួមគ្នានៅក្នុងខែវិច្ឆិកា ដើម្បីជំរុញវិធីសាស្រ្តដែលយោធារបស់ភាគីទាំងពីរអាចប្រតិបត្តិការស្របគ្នានៅពេលដែលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។

យោធារបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននេះ រួមមាននាវាចំនួនពីរគ្រឿង ហើយត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួលប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយដ៍ អស្ទីន (Lloyd Austin) បានជួបពិភាក្សាជាមួយសមភាគីហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់មូលនិធិចំនួន ៥០០លានដុល្លារ ដើម្បីពង្រឹងកម្លាំងយោធា និងឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល។
ការចូលរួមផ្នែកសន្តិសុខរវាងដៃគូសន្ធិសញ្ញាទាំងពីរបានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ដែលបានជំរុញប្រទេសនេះឱ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងចាកឆ្ងាយពីគោលជំហរគោលនយោបាយការបរទេសរបស់អ្នកកាន់តំណែងពីមុនរបស់លោកក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន៕