សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (៣១ កក្កដា) បានជំរុញពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដោយលើកឡើងពីកំណើនភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់។ ក្រសួងការបរទេសអាមេរិក បានបង្កើនការណែនាំអំពីការធ្វើដំណើររបស់ខ្លួនទៅលីបង់ ដល់កម្រិតទី៤ ដ៏គ្រោះថ្នាក់ ហើយបានណែនាំជនជាតិអាមេរិកាំងនៅលីបង់ ឱ្យចាកចេញពីតីនោះប្រសិនបើអាច។

ការណែនាំអំពីការធ្វើដំណើររបស់ក្រសួងការបរទេសបាននិយាយថា ការវាយប្រហារនៅតំបន់ខ្ពង់រាប ហ្កូឡាន់ «បានបង្កើនហានិភ័យនៃភាពតានតឹងបន្ថែមទៀត» រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

ក្រសួងនិយាយថា ខ្លួនបានចាត់ទុកការគំរាមកំហែងដល់បុគ្គលិករដ្ឋាភិបាលអាមេរិកនៅក្នុងទីក្រុងបេរូត ថាជារឿងធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីតម្រូវឱ្យពួកគេរស់នៅ និងធ្វើការក្រោមសន្តិសុខយ៉ាងតឹងរ៉ឹង។ ក្រសួងនេះក៏បានបន្ថែមផងដែរថា ពលរដ្ឋអាមេរិកនៅក្នុងលីបង់គួរតែដឹងថា ក្រុមមន្ត្រីកុងស៊ុលមកពីស្ថានទូតអាមេរិក មិនតែងតែអាចធ្វើដំណើរទៅជួយពួកគេបានទេប្រសិនបើមានរឿងអ្វីកើតឡើង។

មជ្ឈិមបូព៌ា បានស្ថិតនៅមាត់ជ្រោះអស់ជាច្រើនខែស្របពេលមានសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌។ តំបន់នេះប្រឈមមុខនឹងហានិភ័យនៃជម្លោះកាន់តែធំ បន្ទាប់ពីការវាយប្រហារទៅលើតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលអ៊ីស្រាអែលកាន់កាប់ និងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជាយក្រុងនៃរដ្ឋធានីលីបង់ក្នុងបន្ទាយហេសបូឡា៕