នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ប្រតិបត្តិការរុករកបានកំពុងតែរៀបចំនូវការដឹកជញ្ជូនសពអាកាសយានិកទាំងពីររូប ប៉ុន្តែការដឹកជញ្ជូននេះបានជួបប្រទះការលំបាកជាច្រើនដូចជា ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់មានជ្រោះជ្រៅទឹកហូរខ្លាំងហើយភ្នំចោទដូច្នេះគឺ ពេលវេលាដែលអាចដឹកជញ្ជូននេះអាចប្រើពេលវេលារហូតដល់០៧ ឬ០៨ថ្ងៃ ឯកម្លាំងដែលដឹកជញ្ជូននេះមានការទ្រុឌទ្រោមខ្លាំងក្នុងការដឹកជញ្ជូន។
នាយឧត្តមសេនីយ៍បានបន្តថា ផ្អែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឲ្យគណៈបញ្ជាការរុករក សម្រេចធ្វើការបូជាសពនៅក្បែទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះតែម្ដង ដើម្បីសម្រួលក្នុងការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបញ្ជាក់ផងដែរថា អដ្ឋិធាតុអាកាសយានិកទាំងពីររូបនឹងត្រូវដឹកមកដល់ភ្នំពេញនៅថ្ងៃនេះហើយការប្រារព្ធពិធីជាផ្លូវការផ្នែកសាសនា និងផ្នែកយោធា ក្រសួងការពារជាតិ នឹងរៀបចំនៅភ្នំពេញ៕
