នាវាចម្បាំងកាណាដាមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាអ្វីដែលទីក្រុងអូតាវ៉ា(Ottawa) ហៅថាការប្តេជ្ញាចិត្តចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ ដោយទាក់ទាញការស្តីបន្ទោសពីប្រទេសចិនថាសមយុទ្ធកងទ័ពជើងទឹកកាលពីថ្ងៃទី ៣១ ខែកក្កដា បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព។

ក្រសួងការពារជាតិរបស់ប្រទេសកាណាដាបាននិយាយថា នាវាចម្បាំង HMCS ម៉ុងរ៉េអាល់ (HMCS Montreal) បានឆ្លងកាត់តាមទម្លាប់ នាពេលថ្មីៗនេះ នៅច្រកសមុទ្រ ជាអ្វីដែលរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនបាននិយាយថា គឺជាការបញ្ជាក់ឡើងវិញនៃការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដាចំពោះ "សេរីភាព បើកចំហ និងរួមបញ្ចូល" ឥណ្ឌូ-ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការពារជាតិលោកកាណាដា លោក ប៊ៀលប្ល៊ែរ( Bill Blair) បាននិយាយថា "ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង កាណាដាកំពុងបង្កើនវត្តមានរបស់កងនាវាជើងទឹកភូមិន្ទកាណាដា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក" ដោយសំដៅលើផែនការរបស់ប្រទេសកាណាដាសម្រាប់តំបន់ដែលបានប្រកាសនៅឆ្នាំ ២០២២។
លោក Li Xi អ្នកនាំពាក្យនៃបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ការឆ្លងកាត់នាវាចម្បាំងកាណាដាកាលពីថ្ងៃទី ៣១ ខែកក្កដា បានបៀតបៀន និងរំខានដល់ស្ថានភាព និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។
លោកបានបន្ថែមថា កងទ័ពចិនបានប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះរាល់ការគំរាមកំហែង និងការបង្កហេតុ។
នាវាចម្បាំងអាមេរិក ហើយម្តងម្កាល យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ ច្រកសមុទ្រ ប្រហែលមួយដងក្នុងមួយខែ ដោយមិនខ្វល់ពីការព្រមាន៕