ចិនឡើងមកឈរកំពូលតារាងជើងឯកអូឡាំពិក ក្រោយបន្ថែមមេដាយមាសបីគ្រឿងទៀត

2024/08/01 06:06:07 pm        267

១០ប្រភេទកីឡាបានបញ្ចប់ថ្ងៃប្រកួតទី៥ (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤) មេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប៥៦គ្រឿង មានម្ចាស់ ខណៈដែលជាបណ្តោះអាសន្នចិន និងបារំាង​ឡើង​មក​ឈរ​នៅកំពូលតារាងជើងឯកអូឡាំពិកក្រោយបន្ថែមមេដាយរៀងៗខ្លួន ឯជប៉ុនធ្លាក់មកនៅលេខ៣។ ជា​មួយគ្នានោះក៏មានប្រទេសមួយចំនួនដូចជាអាហ្សង់ទីន ហ្សក់ហ្ស៊ី ក្រូអាស៊ី ស៊ុយអែត និង​ហ្កាតេម៉ាឡា ដណ្តើមបានមេដាយមាសដំបូងរបស់ខ្លួនដែរ។

ថ្ងៃប្រកួតទី៥ ផ្តើមចេញពីកីឡាទ្រីអាត្លុងវិញ្ញាសានារី កីឡាការិនីបារាំង BEAUGRAND Cassandre បង្ហាញភាពខ្លាំងរបស់ខ្លួន មកដល់ទីព្រ័ត្រមុនគេ ក្រោយធ្វើការប្រកួតហែលទឹក ជិះកង់ និងរត់ ដោយប្រើពេល១ម៉ោង៥៤នាទី៥៥វិនាទី និងក្លាយជាជើង​ឯកមេដាយ​មាស​អូឡាំពិក។ កីឡាការិនីស្វីស DERRON Julie បញ្ចប់នៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយប្រាក់ ឯកីឡាការិនីPOTTER Beth មកពីចក្រភពអង់គ្លេស ឈ្នះមេដាយសំរឹទ្ធ ក្រោយបញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣។ វិញ្ញាសាទ្រីអាត្លុងបុរស កីឡាករចក្រភពអង់គ្លេស YEE Alex ក្លាយជាម្ចាស់​មេដាយ​មាស ក្រោយមកដល់ទីព្រ័ត្រមុនគេជាមួយពេលវេលា១ម៉ោង៤៣នាទី៣៣វិនាទី។ កីឡាករ WILDE Haydenមកពីប្រទេសនូវែលសេឡង់ មកដល់ទីព្រ័ត្រលំដាប់ទី២ ឈ្នះមេដាយប្រាក់ និង​កីឡាករម្ចាស់ផ្ទះបារាំង BERGERE Leo ឈ្នះមេដាយសំរឹទ្ធ។

កីឡាលោតទឹកវិញ្ញាសាលោត១០ម៉ែត្រសាំងក្រូណាយនារី កីឡាការិនី CHEN Yuxi និងQUAN Hongchan ធ្វើបានល្អជាងគេបំផុតក្លាយជាម្ចាស់មេដាយមាស ក្នុងពិន្ទុសរុប ៣៥៩.១០។ កីឡាការិនី​កូរ៉េខាងជើង JO Jin Mi និងKIM Mi Rae ជាម្ចាស់មេ​ដាយ​ប្រាក់​ក្រោយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ២ ក្នុងពិន្ទុ៣១៥.៩០។ មេដាយសំរឹទ្ធ ធ្វើបានសម្រេចដោយ​កីឡាការិនី​ចក្រ​ភព​អង់​គ្លេស SPENDOLINI SIRIEIX Andrea និងTOULSON Lois។

កីឡាប្រណាំងទូកវ៉ូវីង វិញ្ញាសា៤នាក់បុរស ហូឡង់ដណ្តើមបានមេដាយមាសទី១​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំពិកនេះ ក្រោយមកទីព្រ័ត្រមុនគេ ក្នុងរយៈពេល៥នាទី៤២វិនាទី។ អ៊ីតាលី បញ្ចប់នៅលំដាប់លេខ២មេដាយប្រាក់ ខណៈដែលប៉ូឡូញ ឈ្នះមេដាយសំរឹទ្ធ។ វិញ្ញាសា៤​នាក់​នារី ក្រុមកីឡាការិនីមកពីចក្រភពអង់គ្លេស ដណ្តើមបានមេដាយមាស បន្ទាប់ពី​មក​ដល់​ទីក្នុង​ពេល​វេលាតិចជាងគេ៦នាទី១៦វិនាទី៣១។ ក្រុមកីឡាការិនីហូឡង់មកដល់ទីព្រ័ត្រលំដាប់ទី២ ឈ្នះមេដាយប្រាក់ និងអាល្លឺម៉ង់ ដណ្តើមបានមេដាយសំរឹទ្ធ។

មកចាប់អារម្មណ៍ប្រភេទកីឡាជិះកង់បង្ហោះសេរី (Cycling BMX Freestyle) វិញ្ញាសា​ឯកត្តជន​នារី កីឡាការិនីចិនDENG Yawen វ័យ១៨​ឆ្នាំ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដ៏​អស្ចារ្យដោ​យ​ធ្វើបាន​ល្អបំផុត​ក្នុងពិន្ទុ៩២.៦០ ឈ្នះមេដាយមាស។ កីឡាការិនីអាមេរិក BENEGAS Perris ឈ្នះ​មេដាយ​ប្រាក់ ឯ DIEHM Natalya មកពីអូស្ត្រាលីឈ្នះមេដាយសំរឹទ្ធ។ វិញ្ញាសាឯកត្តជនបុរស កីឡាករ​TORRES GIL Jose ដណ្តើមបានមេដាយមាសទី១ឱ្យអាហ្សង់ទីន ក្រោយបញ្ចប់​ការ​ប្រកួត​ក្នុង​ពិន្ទុល្អបំផុត៩៤.៨២។ កីឡាករចក្រភពអង់គ្លេស REILLY Kieran Darren ឈ្នះ​មេដាយប្រាក់ ខណៈដែលDavid JEANJEAN Anthony របស់ម្ចា​ស់​ផ្ទះ​បារាំង​ឈ្នះ​មេដាយ​សំរឹទ្ធ។

កីឡាបាញ់កាំភ្លើង ប្រទេសមកពីតំបន់អាមេរិកកណ្តាល ហ្កាតេម៉ាឡា ដណ្តើម​បាន​មេដាយ​មាស​ជា​លើក​ដំបូងប្រវត្តិសាស្ត្រអូឡាំពិករបស់ខ្លួន ក្រោយកីឡាការិនី RUANO OLIVA Adriana ឈ្នះ​ការ​ប្រកួតវិញ្ញសាបាញត្រាបនារី (Trap Women) ក្នុងពិន្ទុ៤៥។ កីឡាការិនីអ៊ីតាលី STANCO Silvana Mariaឈ្នះមេដាយប្រាក់ដោយធ្វើបាន៤០ពិន្ទុ។ ឯកីឡាការិនីSMITH Penny មកពី​អូស្ត្រាលី​ឈ្នះមេដាយសំរឹទ្ធ ធ្វើបាន៣២ពិន្ទុ។ ហ្កាតេម៉ាឡា បញ្ជួនអត្ត​ពលិក​១៦​នាក់​ចូលរួម​ប្រកួត។

សម្រាប់កីឡាយូដូវិញ ប្រទេសក្រូអាស៊ី ដណ្តើមបានមេដាយមាសទីមួយរបស់ខ្លួន ក្រោយ​កីឡា​ការិ​នី MATIC Barbara ឈ្នះកីឡាការិនីអាល្លឺម៉ង់BUTKEREIT Miriam ១ទល់០​ក្នុង​វិញ្ញាសាប្រ​យុទ្ធនារី​ក្រោម​៧០គីឡូក្រាម។ កីឡាការិនីអូទ្រីសMichaela Polleres និងកីឡាការិនីបែលហ្ស៊ិក Gabrealla Wellems ឈ្នះមេដាយសំរឹទ្ធស្ទួន ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន។ ក្នុងប្រភេទកីឡានេះ ហ្សក់ហ្ស៊ី ក៏ឈ្នះមេដាយមាសដំបូងដែរ បន្ទាប់ពីកីឡាករ BEKAURI Lasha ឈ្នះកីឡាករជប៉ុនMURAO Sanshiro ១០ទល់១ វិញ្ញាសាប្រយុទ្ធបុរសក្រោម៩០គីឡូក្រាម។ ក្រិក និងបារាំង ដណ្តើមបានមេដាយសំរឹទ្ធស្ទួន។ ក្រូអាស៊ី បញ្ជួនអត្តពលិក៧៣នាក់ ឯហ្សក់ហ្ស៊ី​បញ្ជូន​អត្តពលិក២៨នាក់ចូលរួមប្រកួត។

កីឡាទូកកានូ កីឡាការិនី FOX Jessica បានបន្ថែមមេដាយមាសឱ្យអូស្ត្រាលី ក្រោយធ្វើបា​ន​ពិន្ទុ​ល្អ​ជាង​គេ ១០១.០៦ពិន្ទុ។ កីឡាការិនីអាល្លឺម៉ង់ LILIK Elena ឈរនៅចំណាត់ថ្នាក់ទី២ ឈ្នះ​មេដាយ​ប្រាក់។ រីឯកីឡាការិនី LEIBFARTH Evy មកពីអាមេរិក ដណ្តើមបានមេដាយសំរឹទ្ធ។

ជប៉ុនឈ្នះមេដាយមាសមួយគ្រឿងបន្ថែមពីថ្ងៃប្រកួតទី៥ ពេលដែលកីឡាករ OKA Shinnosuke ឈ្នះការប្រកួតកាយសម្ព័ន្ធអាទីស្ទិច។ កីឡាករចិនពីររូប Zhang Boheng និង Xiao Routeng ឈ្នះមេដាយប្រាក់ និងសំរឹទ្ធរៀងគ្នា។

កីឡាគុនដាវ កូរ៉េខាងត្បូង ឈ្នះមេដាយមាស ក្រោយឈ្នះហុងគ្រី ៤៥ទល់៤១ ក្នុងវិញ្ញាសា​ក្រុម​បុរស។ ម្ចាស់ផ្ទះបារាំង ដណ្តើមបានមេដាយសំរឹទ្ធ បន្ទាប់ពីឈ្នះអ៊ីរ៉ង់៤៥ទល់នឹង២៥។

ចំណែកកីឡាហែលទឹក កីឡាការិនីស៊ុយអែត SJOESTROEM Sarah ឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលរបៀបសេរី១០០ម៉ែត្រ មកទីព្រ័ត្រក្នុងពេលវេលា៥២វិនាទី១៦។ កីឡាការិនីអាមេរិក HUSKE Torri ដណ្តើមបានមេដាយប្រាក់ និងកីឡាការិនីចិនហុងកុង HAUGHEY Siobhan Bernadetteមេដាយសំរឹទ្ធ។ វិញ្ញសាហែលរបៀបសេរី១០០ម៉ែត្របុរស កីឡាករចិន PAN Zhanle ឈ្នះមេដាយមាស ហើយបានបំបែកឯតទគ្គកម្មពិភពលោក ដោយប្រើពេលវេលា៤៦វិនាទី៤០ ខណៈដែលកណត់ត្រាចាស់៤៦វិនាទី៨០។ កីឡាករ CHALMERS Kyle មកពីអូស្ត្រាលី ឈ្នះមេដាយប្រាក់។ កីឡាករមកពីរ៉ូម៉ានី POPOVICI David ដណ្តើមបានមេដាយសំរឹទ្ធ។ វិញ្ញាសាហែលរបៀបមេអំបៅ២០០ម៉ែត្រ បុរស ម្ចាស់ផ្ទះបារំាង ឈ្នះមេដាយមាស ហុងគ្រីមេដាយប្រាក់ និងសំរឹទ្ធបានទៅកីឡាករមកពីប្រទេសកាណាដា។ វិញ្ញាសាហែលសេរី១៥០០ម៉ែត្រនារី កីឡាការិនីអាមេរិក Katie Ledecky ឈ្នះមេដាយមាស កីឡាការិនីបារាំងមេដាយប្រាក់ និងកីឡាការិនីមកពីបែលហ្ស៊ិកមេដាយសំរឹទ្ធ។ ចំណែកឯវិញ្ញាសាហែលរបៀបកង្កែប២០០ម៉ែត្របុរស កីឡាករបារាំង ឈ្នះមេដាយមាស អូស្ត្រាលីមេដាយប្រាក់ និងសំរឹទ្ធបានទៅលើប្រទេសហូឡង់។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ១០ប្រទេសលើគេក្នុងតារាងជើងឯកអូឡាំពិកមាន ចិន ម្ចាស់ផ្ទះបារាំង ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស កូរ៉េខាងត្បូង អាមេរិក អ៊ីតាលី កាណាដា និងអាល្លឺម៉ង់។

ថ្ងៃប្រកួតទី៦ (០១ សីហា ២០២៤)នេះ កីឡាដែលត្រូវប្រកួតដណ្តើមមេដាយមាន១០ប្រភេទកីឡាគឺ អត្តពលកម្ម បាញ់កាំភ្លើង ទូករ៉ូវីង ទូកក្តោង យូដូ ទូកកានូ កាយសម្ព័ន្ធ គុនដាវ កីឡាហែលទឹក និងជិះក្តារបន្ទះលើទឹករលក៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        331
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        412

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm