ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤នៅព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ស្ត្រីជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជាគ្រប់គ្រងប្រហែលពីរភាគបីនៃចំនួនអាជីវកម្មសរុប។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្មជាស្ត្រី។ ជាមួយគ្នានេះ ស្ត្រីដែលជាម្ចាស់អាជីវកម្មចម្បងនៅប្រទេសកម្ពុជាគ្រប់គ្រង ប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុបនៅក្នុងប្រទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ស្ដ្រីក៏មិនមែនងាយស្រួលនោះដែរ។
ក្នុងឱកាសនោះសម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា ការបង្កើត AWEN និង CamWEN ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
សម្តេចធិបតីថ្លែងថា កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ចជាត៕អត្ថបទ៖វ៉ន ដារ៉ា


