ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ តាមរយៈវេទិកាស្ត្រីជាសហគ្រិនឆ្នាំនេះ នាំឱ្យកម្ពុជាកាន់តែលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។
វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើង ក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។
សូមជម្រាបថពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត១០០០នាក់ បានទទួលពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់ បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន២២រូបក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕អត្ថបទ៖ វ៉ន ដារ៉ា






