ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន និងពិភពលោកទាំងមូលចង់ឃើញរុស្ស៊ី ចូលរួមក្នុងវេទិកាពិភពលោក ក្នុងគោលបំណងបញ្ចប់ជម្លោះដ៏ចម្រូងចម្រាស នៅអ៊ុយក្រែន។

មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីជាង៩០ប្រទេស បានមកជួបប្រជុំគ្នា នៅរមណីយដ្ឋាន Burgenstock ប្រទេសស្វីស កាលពីខែមិថុនា សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពលើកដំបូង ដែលរុស្ស៊ីបាននិយាយចំអកថា ខ្ជះខ្ជាយពេលវេលា។

ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក Zelenskyy បានបញ្ជាក់ថា ទីក្រុងមូស្គូ គួរតែត្រូវមានតំណាងនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ ជាការផ្លាស់ប្តូរវិធីសាស្រ្ត បន្ទាប់ពីទីក្រុង គីវ មិនដាក់បញ្ចូលទីក្រុងមូស្គូ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លើកដំបូង។
លោក Zelenskyy បាននិយាយថា ភាគច្រើននៃប្រទេសនៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះនិយាយថា រុស្ស៊ីត្រូវតែមានអ្នកតំណាង នៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរ បើមិនដូច្នេះទេ យើងនឹងមិនទទួលបានលទ្ធផលដ៏មានអត្ថន័យឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកបើកចំហចំពោះការចរចា ប៉ុន្តែលោកនឹងបញ្ជាឱ្យមានការឈប់បាញ់ ប្រសិនបើទីក្រុងគីវ ប្រគល់ទឹកដីដែលទីក្រុងមូស្គូ អះអាងសិទ្ធថាជា របស់ខ្លួន។

លោក Zelenskyy និយាយផងដែរថា លោកមិនចង់ឱ្យប្រទេសចិន ដែលកាលពីពេលថ្មីៗនេះធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងទីក្រុងមូស្គូ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសន្តិភាពនោះទេ។ លោកបានជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់សម្ពាធលើទីក្រុងមូស្គូឲ្យបញ្ចប់សង្រ្គាម។