បណ្តាប្រទេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចៀសជម្លោះនៅមជ្ឈិមបូព៌ា ដែលកាន់តែរីកធំ បន្ទាប់ពីការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធពីររូប ធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។

មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានី តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ បង្កឱ្យមានការគំរាមកំហែងសងសឹកប្រឆាំងអ៊ីស្រាអែល និងជំរុញឱ្យមានការព្រួយបារម្ភថា ជម្លោះនៅតំបន់ហ្កាហ្សា កំពុងក្លាយជាសង្រ្គាមមជ្ឈិមបូព៌ាពេញបន្ទុក។

ការធ្វើឃាតនេះ បានកើតឡើងមិនដល់២៤ម៉ោងនោះទេ បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ របស់ ក្រុមហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានី Beirut របស់ប្រទេសលីបង់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏បង្ហូរឈាម នៅក្នុងតំបន់ ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។

លោក Shino Mitsuko តំណាងរងប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃពុធ ដោយជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការការពារជម្លោះ ដោយព្រួយបារម្ភថា តំបន់នេះ ស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមពេញបន្ទុក។ ប្រទេសចិន រុស្ស៊ី អាល់ហ្សេរី និងប្រទេសដទៃទៀត បានថ្កោលទោសការធ្វើឃាតលោក Haniyeh ដែលឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ចាត់ទុកថាជាអំពើភេរវកម្ម ខណៈសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានលើកឡើងនូវអ្វីដែលពួកគេនិយាយថា ជាការគាំទ្ររបស់អ៊ីរ៉ង់ចំពោះ តួអង្គសំខាន់ៗដែលបង្កអស្ថិរភាពនៅក្នុងតំបន់។ លោក Fu Cong ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា បណ្តាប្រទេសដែលមានឥទ្ធិពលធំៗ ត្រូវតែដាក់សម្ពាធបន្ថែមទៀត និងធ្វើការឱ្យកាន់តែខ្លាំងក្លា ដើម្បីពន្លត់ភ្លើងសង្រ្គាម នៅក្នុងតំបន់ហ្កាហ្សា។
ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស លោកស្រី Barbara Woodward បានជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងភាពអត់ធ្មត់ ដោយបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។
លោក Robert Wood ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមានឥទ្ធិពលលើប្រទេសអ៊ីរ៉ង់ ឱ្យបង្កើនសម្ពាធលើប្រទេសនេះ ឱ្យបញ្ឈប់ការធ្វើឲ្យរីកធំនៃជម្លោះតំណាងប្រឆាំងអ៊ីស្រាអែល និងប្រទេសដទៃទៀត។