ជួររថយន្តដ៏វែង កំពុងរង់ចាំចាក់ប្រេង ដែលបានកើតឡើងនៅតាមដងផ្លូវនៅទីក្រុង La Paz និងទីក្រុង El Alto កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា ខណៈប្រទេសបូលីវី កំពុងជួបប្រទះបញ្ហាកង្វះប្រេងឥន្ធនៈ។

ខណៈអ្នកបម្រើការនៅស្ថានីយ៍ប្រេងឥន្ធនៈដែលបានបិទទ្វារ បាននិយាយថា ពួកគេមិនដឹងថា នៅពេលណាការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពួកគេនឹងត្រូវបានចាក់បំពេញបន្ថែមជាថ្មីនោះទេ អ្នកបើកបរដឹកជញ្ជូនបានត្អូញត្អែរថា កង្វះប្រេង កំពុងរារាំងពួកគេមិនអាចធ្វើការងារបាន។
សេដ្ឋវិទូ លោក Gonzalo Chavez បានពន្យល់ថា កង្វះខាតប្រេងបែបនេះ គឺទាក់ទងទៅនឹងការខ្វះប្រាក់ដុល្លារ និងឱនភាពសាធារណៈ របស់រដ្ឋប្រទេសបូលីវី។

សហជីពដឹកជញ្ជូន បានចាប់ផ្តើមធ្វើកូដកម្មនៅក្នុងប្រទេសកាលពីថ្ងៃពុធ ដើម្បីប្រឆាំងទៅនឹងការខ្វះប្រេងឥន្ធនៈ ខណៈការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ដែលដឹកជញ្ជូនពីប្រទេសរុស្ស៊ី មិនបានទៅដល់ ហើយសម្ពាធបានជំរុញឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ដោះស្រាយភាពតានតឹងលើការនាំចូល។
ប្រទេសបូលីវី បាននាំចូលប្រេងសាំងពាក់កណ្តាលដែលត្រូវការ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយចំណាយអស់ប្រហែល៨០០លានដុល្លារក្នុងមួយឆ្នាំ និង៨០% នៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ភាគច្រើនមកពីប្រទេសអាមេរិកខាងត្បូង ផ្សេងទៀត។