ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅផ្នែកផ្សេងៗនៃតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីថ្ងៃពុធ (៣១ កក្កដា) នៅក្នុងអ្វីដែលពិភពលោកភ័យខ្លាចថាអាចនឹងមានការសងសឹក ដែលជំរុញឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងមាត់ជ្រោះនៃភាពតានតឹង។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅទួរគី ទុយនីស៊ី និងសាកលវិទ្យាល័យតេអេរ៉ង់ នៅអ៊ីរ៉ង់ ជាទីដែលអ្នកគាំទ្ររដ្ឋាភិបាលប្រកាន់ជំហរតឹងរាប់រយនាក់បានថ្កោលទោសការសម្លាប់នេះ។ ជាមួយគ្នានេះ ប្រជាជនមកពីជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងភាគខាងត្បូងប្រទេសលីបង់ បានចេញតវ៉ាតាមដងផ្លូវស្រែកគាំទ្រក្រុមហាម៉ាស ដោយមានកាន់រូបថតលោក Haniyeh។

នៅចុងបូព៌ា ការតវ៉ាចំនួនពីរត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន។ មូលនិធិប៉ាឡេស្ទីនប៉ាគីស្ថានបានរៀបចំការតវ៉ាដាច់ដោយឡែកមួយ ដែលការអធិស្ឋានដ៏ធំសម្រាប់លោក Haniyeh ក៏ត្រូវបានធ្វើឡើងនៅទីនោះផងដែរ។
លោក Haniyeh បានដឹកនាំក្រុមសកម្មប្រយុទ្ធតាំងពីឆ្នាំ២០១៧មក។ មានការភ័យខ្លាចថា ការស្លាប់របស់លោកអាចជាឧបសគ្គដ៏ធំបំផុតចំពោះសន្តិភាព ចាប់តាំងពីក្រុមហាម៉ាសបានបង្កឱ្យមានសង្គ្រាមហ្កាហ្សា ជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ហើយក៏បានធ្វើឱ្យមានការរំជើបរំជួលពីសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ និងស្មុគស្មាញជាងនេះ ខណៈក្រុមហេសបូឡា និងអ៊ីស្រាអែល បាញ់តបតគ្នាទៅមកនៅតាមព្រំដែនរបស់ពួកគេ៕